សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា ចំនួន៤រូប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះលោក ហែម សុវត្ថិ ដែលជាកូនប្រសាររបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានផ្ទេរទៅជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរយៈអនុក្រឹត្យលេខ ១២៩៩ អនក្រ.តត ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប នៃក្រសួងមហាផ្ទៃ មានដូចរាយនាមខាងក្រោម៖
១. លោកឧត្តមសេនីយ៍ឯក តាន់ សំណាង អត្តលេខ ៩៦០៦២ ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
២. លោកឧត្តមសេនីយ៍ទោ ហែម សុវត្ថិ អត្តលេខ ៦៦៥០៣ ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទៅជាអគ្គស្នងការដ្ឋាននគរបាលជាតិ។
៣. លោកឧត្តមសេនីយ៍ទោ លឹម ដាវុធ អត្តលេខ ០៣៥១៨ ជាអនុប្រធានសេវាធិការដ្ឋាន។
៤. លោកឧត្តមសេនីយ៍ត្រី កុយ រ៉ា អត្តលេខ ៨៥១១២ ជាអនុប្រធានសេនាធិការដ្ឋាន។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ហែម សុវត្ថិ បានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា នេត ធីតាវិឈុណា កូនស្រីលោក នេត សាវឿន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ លោក នេត សាវឿន ជាអតីតអគ្គស្នងការនគរបាលជាតិ ដែលឡើងកាន់តំណែងជំនួសលោក ហុក ឡង់ឌី តាំងពីឆ្នាំ២០០៨។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក នេត សាវឿន បានទទួលភារកិច្ចថ្មីជា ឧបនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ បន្ទាប់ពីរដ្ឋសភាបានផ្តល់សេចក្តីទុកចិត្ត ព្រមទាំងទទួលបន្ទុកជា នាយករដ្ឋមន្រ្តីស្តីទី នៅពេលនាយករដ្ឋមន្រ្តីអវត្តមានផងដែរ៕