ភ្នំពេញ៖ និស្សិតខ្មែរកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៦នាក់ បានប្រឡងជាប់បន្តការសិក្សានៅសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ ក្រោមកម្មវិធីសហការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិក។
នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតត្រៀមចេញដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០២៣ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសហការជាមួយសាកលវិទ្យាល័យជាច្រើននៅក្រៅប្រទេស និងមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិកនេះ គឺក្រសួងអប់រំយុវជននិងកីឡាកម្ពុជា ទទួលស្គាល់និងអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញបញ្ជូននិស្សិតទៅសិក្សាបន្តនៅសហរដ្ឋអាមេរិក។
ឯកឧត្តមបណ្ឌិតបន្តថា នៅក្នុងពេលដំបូងសាកលវិទ្យាល័យសហរដ្ឋអាមេរិកមួយនេះ បានធ្វើការជាមួយសាកលវិទ្យាល័យភូមិន្ទតែលើមុខវិជ្ជាវិទ្យាសាស្ត្រពិតទេ ដូចជារូបវិទ្យា គណិតវិទ្យា ជីវៈវិទ្យា និងព័ត៌មានវិទ្យា ប៉ុន្តែក្រោយមកទៀត ដោយសារតែយើងធ្វើការងារបានល្អ គ្រូបង្រៀនបានយកចិត្តទុកដាក់ខ្ពស់ ទើបធ្វើឱ្យសាកលវិទ្យាល័យសហរដ្ឋអាមេរិកមួយនេះ បានពង្រីកទៅដល់វិទ្យាសាស្ត្រសង្គមបន្ថែមទៀត។
លោកបញ្ជាក់ថា កម្មវិធីសិក្សានេះ យើងហៅថា ១+៣ ដែលមានន័យថា១ឆ្នាំសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង៣ឆ្នាំ សិក្សានៅសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិក តែនិស្សិតដែលក្នុងកម្មវិធីនេះ ទទួលបានសញ្ញាបត្រដល់ទៅ២ គឺ១ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង១ទៀតពីសាកលវិទ្យាល័យ Angelo State។
ឯកឧត្តមបន្តថា ក្រៅពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហប្រតិបត្តិជាមួយសាកលវិទ្យាល័យនៅក្រៅប្រទេសជាង២៥០សាកលវិទ្យាល័យ ដូចជានៅអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក។
កញ្ញា គៀង គុនថារ៉ូឡែន និស្សិតម្នាក់ដែលជាប់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ៣ឆ្នាំជំនាញវិស្វកម្មមេកានិក បានឱ្យដឹងថា កម្មវិធីសិក្សាដែលមានកិច្ចសហការរវាសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិក នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរអាចបន្តការសិក្សានៅក្រៅប្រទេស បានកាន់តែច្រើន។ អ្វីដែលពិសេសតាមរយៈពេលកម្មវិធីសិក្សា១+៣ នឹងធ្វើឱ្យនិស្សិតអាចសន្សំសំចៃថវិកាបានមួយចំនួន ដោយសារតែក្នុងឆ្នាំដំបូងយើងរៀននៅក្នុងស្រុក ហើយចាប់ពីឆ្នាំទី២ទៅ ទើបយើងឡើងទៅរៀននៅសហរដ្ឋអាមេរិក។
កញ្ញាបន្តថាអ្វីដែលនិស្សិតត្រូវត្រៀមមុននឹងប្រឡងទៅរៀននៅសហរដ្ឋអាមេរិកគឺមុខវិជ្ជាជំនាញរបស់យើង និងជាពិសេសនោះគឺ ភាសាអង់គ្លេស ពីព្រោះថាពេលទៅរៀននៅអាមេរិក យើងអត់ប្រើភាសាខ្មែរជាតិយើងទេ គឺត្រូវប្រើអង់គ្លេស ហើយបើសិនជាយើងចេះអង់គ្លេសមិនដល់កម្រិតគឺមិនមានឱកាសទៅរៀននៅទីនោះទេ។
យុវជនឡេក ប៊ុនសេង និស្សិតដែលនឹងទៅសិក្សានៅសាកលវិទ្យាល័យអាមេរិកមួយនេះដែរលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ក៏បាននិយាយឱ្យដឹងថា ជាមោទនភាពមួយដែលលោកបានទៅសិក្សានៅក្រៅ ប្រទេសរហូតដល់សហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ។
គួរបញ្ជាក់ថានិស្សិតទាំង៦នាក់ដែលបានសិក្សានៅសាកលវិទ្យាល័យ Angelo State រួមមាន១.កញ្ញា គៀង គុនថារ៉ូឡែន ជំនាញវិស្វកម្មមេកានិក ២. លោកឡេក ប៊ុនសេង ជំនាញវិទ្យាសាស្ត្រ កុំព្យូទ័រ ៣. លោកណក់ រតនៈ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ៤. លោក សារុត ចេស្ដា ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ៥. លោកជឹម សិក្ខាយុត្ត ជំនាញ Business Administration និង ៦. លោកវ៉ាន រាជវន្ត ជំនាញវិស្វកម្មសំណង់ស៊ីវិល។
តម្លៃសិក្សានៅសាកលវិទ្យាល័យត្រូវបានបង្ហើបឱ្យដឹងថាប្រមាណ ៩០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយមិនទាន់រាប់បញ្ចូលការស្នាក់នៅ ហូបចុក និងការចំណាយក្នុងអំឡុងពេលសិក្សាឡើយ។ ហើយតម្លៃនេះគឺពិសេសសម្រាប់និស្សិតកម្ពុជាដែលចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។