ស្របពេលនៃការៀបចំកម្មវិធីសិក្ខាសាលាស្តីអំពីសុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពប្រជាពលរដ្ឋ ខិតចូលជិតមកដល់នៅពេលខាងមុខ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានតាមដាននិងសង្កេតឃើញថានៅពេលបច្ចុប្បន្នប្រជាពលរដ្ឋមិនសូវទិញសាច់បង្កកដែលបានដាក់លក់នៅលើទីផ្សារយកទៅទទួលទាននៅតាមគ្រួសារនោះទេ តែសាច់បង្កកនេះតម្រូវការច្រើន នៅតាមពិធីបុណ្យទាន ពិធីមង្គលការ ក៏ដូចជានៅតាមភោជនីយ៍ដ្ឋានធំៗ។
លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាស្តីពីសាច់បង្កកសម្រាប់ប្រជាពលរដ្ឋដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ អ្នកជំនាញមកពីប្រទេសថៃ គេមកធ្វើបទបង្ហាញពីការប្រើប្រាស់សាច់បង្កកក៏ដូចជាការរៀបចំ ទុកដាក់សាច់បង្កកជូនដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងបន្ថែម ហើយក៏មិនមែនបង្ហាញឬវាយប្រហាលើសាច់បង្កកទៀតទេ។ព្រោះសាច់បង្កកនៅពេលសព្វថ្ងៃនេះ គឺខាងសមាគមបានសហការល្អជាមួយសួងពាក់ព័ន្ធទំាងអស់ ធ្វើការចុះត្រួតពិនិត្យនៅតាមឃ្លំាង តបតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី យើងធ្វើបានល្អហើយ។
លោក ស៊្រុន ពៅ មានប្រសាសន៍ថា តាមការសង្កេតកន្លងមកឃើញថាសាច់បង្កកដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋយើងមិនសូវទិញយកទៅទទួលនោះទេ អ្នកទទួលបាននៅសាច់បង្កកនេះសព្វថ្ងៃនេះគឺមានតែតាមពិធីបុណ្យ ពិធីមង្គលការ កន្លែងអំាងសាច់ និងនៅតាមភោជណីយ៍ដ្ឋានធំៗ ហើយសព្វថ្ងៃនេះបើតាមខ្ញុំមើលទៅកសិករ ពួកគាត់ក៏មានការយល់ដឹងច្រើនដែរ សាច់ល្មមៗគាត់អត់ទិញនោះទេ។
លោកលើកឡើងថា ការចុះបង្ក្រាបរបស់ ក.ប.ប. ពិនិត្យឃើញ ចាប់បានតាមរយៈការលូតនាំចូលសាច់បង្កកដែលគ្មានស្តង់ដារ តាមរយៈដឹកជញ្ជូនតាមរ៉ឺម៉ក ឡានក្រុង ហើយយកលក់នៅលើទីផ្សារ បានន័យថាបើសាច់បង្កកនោះល្អវាទាល់តែមាននៅក្នុងទូទឹកកក ដែលបង្កកនៅក្រោមកម្រិតដកសូន្យ(-១៨)។ សព្វថ្ងៃនេះ មានការលក់នៅលើរានឬតូប ដាក់ក្លាសេទឹកកកពីរបីដុំនេះធ្វើឱ្យប៉ះពាល់ទៅដល់សុខភាព ហើយសាច់បង្កងដែលមិនមានគុណភាពនេះវាធ្វើឱ្យពលរដ្ឋអាចកើតជំងឺទឹកនោមផ្អែក ជំងឺលើសឈានជាដើម។
បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សិក្ខាសាលាស្តីអំពីសុវត្ថិភាពសាច់បង្កកសម្រាប់សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី៣០ខែវិច្ឆិកា ២០២៣ខាងមុខ សម្រាប់អ្នកចូលរួមពិតជាមានសារៈប្រយោជន៍ក្នុងការបង្កើនចំណេះដឹងនិងយល់ដឹងកាន់តែច្រើនថែមមួមកម្រិតទៀតអំពីសុវត្ថិភាពចំណីនិងគុណភាពសាច់បង្កកសម្រាប់សុខភាពប្រជាពលរដ្ឋនិងវឌ្ឍនភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ន៕អត្ថបទ៖ សារេត