និយ័តករទូរគមន៍កម្ពុជា ស្នើឱ្យម្ចាស់បុរីរុះរើនូវឧបករណ៍បង្កើន និងពង្រីកកម្លាំងសេវាក្នុងបុរីខ្លួនជាបន្ទាន់

សង្គម​ និង​សេដ្ឋកិច្ច

និយ័តករទូរគមន៍កម្ពុជា បានឱ្យម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យចុះរុះរើឧបករណ៍បង្កើនកម្លាំង​សេវា និង/ឬឧបករណ៍ពង្រីកសេវាអ៊ីនធើណែតក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតលេខ ១០០៧៩ ន.ទ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និយ័តករទូរគមន៍កម្ពុជា បានប្រកាសដល់ប្រធាន ក្រុមការងារ ឱ្យមេត្តាជ្រាបថា ប្រតិបត្តិករបង្គោលអង់តែន និងទូរស័ព្ទចល័ត បានសាងសង់បង្គោលអង់តែននិងដាក់ឱ្យដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

និយ័តករទូរគមន៍កម្ពុជាបានបន្តថា៖« ដូចនេះ ដើម្បីចៀសវាងការឆ្លងរំខាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត និយ័តករទូរគមន៍កម្ពុជា សូមស្នើឱ្យម្ចាស់អភិវឌ្ឍន៍បុរី ឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបុរីឱ្យរះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវានិង/ឬ ឧបករណ៍ពង្រីកសេវា (Booster/Repeater) ឱ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងករណីការអនុវត្តដោយស្ម័គ្រចិត្តនេះពុំមាន ប្រសិទ្ធភាពនោះទេ និយ័តករទូរគមន៍កម្ពុជាថា ម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការណ៍តាមគ្រប់មធ្យោបាយក្នុងការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ ឧបករណ៍ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកបណ្តាប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទចល័តនឹងធ្វើការកែសម្រួលទៅលើបណ្ដាញរបស់ខ្លួនដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពី ថ្ងៃទី១០ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣។

គួររំលឹកដែរថា ជុំវិញរឿងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករ​ណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះផងដែរ។

ក្រសួងបានឱ្យដឹងថា មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួង គឺបានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៏ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត ក្រសួង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោលវិញដោយខ្លួនឯង ឬដោយក្រុមការងាររបស់ក្រសួងក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ រង្សី