លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគលើការដាំស្លា និងកែច្នៃមួយរបស់ប្រទេសចិន បានបង្ហាញពីបំណង ពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេសការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃនាំចេញ។
ការបង្ហាញបំណងវិនិយោគរបស់ក្រុមហ៊ុននេះ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hainan Taste King Investment Group Holding កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងជំនួបនោះ លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hainan Taste King Investment Group Holding បានឱ្យដឹងថា មុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុនគឺការដាំស្លា កែច្នៃ និងលក់។ក្នុងន័យនេះ ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេសការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃផងដែរ។
លើសពីនេះ ក្រុមហ៊ុនក៏មានបំណងនាំចេញផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ជាការឆ្លើយតប លោក យុន ហេង បានស្វាគមន៍ដល់ក្រុមហ៊ុនដែលបានមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃកម្ពុជាដែលមានភាពបើកចំហរ មានតម្លាភាព និងអាចប៉ាន់ប្រមាណជាមុនបានដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬ បរទេសនៅកម្ពុជា។
លោកក៏បាន លើកឡើងថា គម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោងដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ជាមួយគ្នានោះ លោកបានស្នើឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូវិនិយោគលើគម្រោងនេះ៕