គ្រឹះស្ថានអង្គរ បានចេញផ្សាយរបាយការណ៍របស់ខ្លួននាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល១១ខែឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជាង៣២ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ។
គ្រឹះស្ថានអង្គរ បានឱ្យដឹងថា មានភ្ញៀវទេសចរអន្ដរជាតិ ចំនួនជិត ៧០ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣មកនេះ កើនឡើងជាង ២១០ ភាគរយ និងទទួលថវិកាពីការលក់សំបុត្រជាងជាង ៣២ លានដុល្លារ កើនឡើងជាង ២៦១ ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។
របាយការណ៍ដដែលបន្តថា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិ៩ម៉ឺន៧៤២៦នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ និងទទួលបានចំណូល៤លាន ៦៦ម៉ឺន៤៤១២ដុល្លារ។
របាយការណ៍ដដែល ក៏បានគូសបញ្ជាក់ថា សម្រាប់រយៈពេល១១ខែឆ្នាំ២០២៣នេះ មានអ្នកទេសចរចំនួន៦៩៩ ៩៩៦នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ បានកើនឡើងជាង២១០ភាគរយ ដោយទទួលចំណូលថវិកា៣២លាន៥៤៦,៨៤៧ដុល្លា កើនឡើងជាង២៦១ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងមក។
គួរបញ្ជាក់ដែរថា គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបង្កើតឡើង កាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន នៅរមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅក្នុងកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ តម្លៃ ៧២ ដុល្លារ៕ អត្ថបទ៖ រង្សី