សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ពោលគឺយើងមិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ បើបែកពងមាន់នោះយើងនឹងគ្មានអ្វីហូរ។ ដូច្នេះ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា យើងមិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាក់ស្តែងក្នុងពេលកម្ពុជាជួបជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍ប៉ះពាល់យ៉ាងខ្លាំង គឺស្មើសូន្យតែម្តង។ ប៉ុន្តែក្នុងដំណាក់កាលនោះ មានវិស័យចំនួននៅតែដំណើរការ ដូចជាកសិកម្ម ឧស្សាហកម្ម ការចរាចរណ៍ទំនិញ ពាណិជ្ជកម្មជាដើម។ សម្តេចធិបតីបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ សក្កានុពលនៃវិស័យទេសចរណ៍ចាប់កម្រើកឡើងវិញ ហើយក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានគិតគូរអាទិភាពម្រាប់វិស័យទេសចរណ៍ជាខ្លាំង។
បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី វិស័យទេសចរណ៍ត្រូវគិតនៅគ្រប់ទីកន្លែង ហើយមិនត្រូវគិតតែអ្នកទេសចរក្រៅប្រទេសនោះទេ ត្រូវគិតពីអ្នកទេសចរក្នុងប្រទេសផងដែរ។ ផលិតផលវិស័យទេសចរណ៍ខុសពីវិស័យដទៃ ពោលផលិតផលវិស័យទេសចរណ៍ ផលិតក្នុងស្រុក ប្រើប្រាស់នៅក្នុងស្រុក។ សម្តេចបានគូសបញ្ជាក់ទៀតថា កំណើននៃវិស័យទេសចរណ៍ អាចប្រែក្លាយវិស័យទាំងអស់ឱ្យមានសក្ដានុពល៕
អត្ថបទ៖ អក្ខរា