មួយរយៈចុងក្រោយនេះទីផ្សារតម្លៃមាសអន្តរជាតិ បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមក ពោលនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ មាសមានតម្លៃ ២១៤៨ដុល្លារ ក្នុង១អោន។
អ្នកស្រី សូ លីតា អ្នកប្រឹក្សា និងវិភាគតម្លៃហាងឆេងមាសអន្តរជាតិ បានឱ្យដឹងថា ជាប្រវត្តិសាស្រ្តហើយដែលមាសអន្តរជាតិឡើងខ្លាំងមែនទែនរហូតដល់ចន្លោះ ២១៤០ទៅ២១៥០ដុល្លារ ក្នុង១អោន និង១តម្លឹងមានតម្លៃ ២ ៥៩០ដុល្លារ។
អ្នកស្រីបន្តថា ទីផ្សារតម្លៃមាសអន្តរជាតិគឺមានការប្រែប្រែគ្រប់ពេល គ្រប់វិនាទី យើងមិនអាចដឹងនោះទេ ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី០៤ ខែធ្នូនេះ មាសឡើងខ្លាំងរហូតដល់ជិត៨០លេខ ស្មើនឹង៨០ដុល្លារ ទៅ៩០ដុល្លារ ក្នុងរយៈពេលត្រឹមតែកន្លះម៉ោង។
បើតាមអ្នកវិភាគហាងឆេងមាសខាងលើ ការឡើងថ្លៃនេះ គឺអាចបណ្តាលមកពីប្រាក់ដុល្លារមានការធ្លាក់ចុះ ធ្វើឱ្យមាសឡើងថ្លៃ ក្រោយធនាគារកណ្តាលរបស់អាមេរិក រក្សាអត្រាការប្រាក់ត្រឹម២% ។ម្យ៉ាងវិញទៀត អាចបណ្តាលមកពីការវិលត្រឡប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ។
អ្នកជំនាញរូបនេះបន្តថា ហើយការឡើងនៃតម្លៃមាសនេះ វាក៏ជាការជះឥទ្ធិពលដល់សេដ្ឋកិច្ចសាកល និងក្នុងស្រុក ឬអាជីវករ អ្នកទិញលក់មាសផងដែរ។ដោយសម្រាប់អ្នកទិញមាស នៅពេលឡើងនាំគ្នាយកមាសទៅលក់ ចំណែកអាជីវករមានការប៉ះពាល់ ខាតបង់ច្រើនលើការទិញមាសចូលមកមានតម្លៃថ្លៃ។
ជាមួយគ្នានេះ បើតាមអាជីវករលក់មាសមួយកន្លែង បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃខែធ្នូ ឆ្នាំ២០២៣នេះ តម្លៃមាសអន្តរជាតិមានការឡើងខ្លាំងមែនទែន ដែលបណ្តាលឱ្យមាសក្នុងប្រទេសកម្ពុជាមានការហក់ឡើងដូចគ្នា ពោលនៅថ្ងៃទី០៤ ខែធ្នូនេះ មាសគីឡូក្នុងមួយជី ទិញចូលមានតម្លៃ ២៥០ដុល្លារ និងលក់ចេញមានតម្លៃ២៤០ដុល្លារ ចំណែកផ្លាទីនទឹក ៧៥ លក់ចេញក្នុងតម្លៃ ១៨៥ដុល្លារ និងទិញចូលក្នុងតម្លៃ១៧០ដុល្លារ រីឯផ្លាកទីនទឹក៧០ លក់ចេញមានតម្លៃ ១៧០ដុល្លារ និងទិញចូលមានតម្លៃ១៥០ដុល្លារ។
អាជីវកររូបនេះ បន្តថា ការឡើងថ្លៃនេះធ្វើឱ្យអតិជនដែលយកមាសមកលក់នៅផ្សារនានា មានការកើនឡើង ដោយសារពួកគេអាចលក់ចំណេញ ប៉ុន្តែអ្នកដែលមកទិញមាសបែរជាថយចុះទៅវិញ ដូចនេះវាធ្វើឱ្យមានការខាតបង់ដល់អ្នករកស៊ីទិញលក់មាសផងដែរ។
អ្នកប្រឹក្សា និងវិភាគហាងឆេងមាសអន្តរជាតិ បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារតម្លៃមាសបច្ចុប្បន្ននេះ មានការពិបាកប៉ាន់ស្មានថាឡើងថ្លៃបន្ត ឬធ្លាក់ចុះមកវិញពេលណាមួយទេ ប៉ុន្តែភាគរយចុះវាអាចនឹងមាន៦០% ព្រោះដោយសារមាសគ្រាន់តែឡើងខ្លាំង ហើយក៏ចុះមកវិញ វាជារឿងធម្មតានៃទីផ្សារមាស តែក៏មិនប្រាកដ១០០ភាគរយថានឹងចុះមកវិញនោះដែរ អាស្រ័យទៅលើទីផ្សារឡើងចុះ ផ្អែកលើស្ថានភាពជាក់ស្តែងនៅលើពិភពលោក៕