ខេត្តព្រះសីហនុត្រៀមបង្កើតក្រុងថ្មីមួយបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច


រដ្ឋបាលខេត្តព្រះសីហនុ កាលពេលថ្មីៗកន្លងទៅបានបើកកិច្ចប្រជុំពិភាក្សាពិនិត្យមើលរបាយការណ៍លទ្ធផលនៃការស្នើសុំរៀបចំបង្កើតក្រុងថ្មីមួយបន្ថែមទៀត ខណៈដែលបច្ចុប្បន្នខេត្តជាប់មាត់សមុទ្រមួយនេះមានក្រុងចំនួន២រួចមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ឆាប់ៗខាងមុខនេះខេត្តព្រះសីហនុ នឹងមានក្រុងរណបថ្មីមួយទៀត គឺក្រុងរាម ដែលមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពី ក្រុងព្រះសីហនុ។

ឆ្នេររាម ជាឆ្នេរសមុទ្រមួយដ៏ស្រស់ស្អាតដោយមាន ផ្ទៃដីសរុប ២១០០០ ហិកតា ក្នុងនោះផ្ទៃដី ទំហំ ១៥០០០ ហិកតា ជា ដីគោក ស្ថិតតាមឆ្នេរសមុទ្រ និងមានឆ្នេរខ្សាច់ដ៏វែងហើយស្អាត ដែលបាននឹងកំពុងទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុន។

សូមជម្រាបថា ក្រុមហ៊ុន Canopy Sands Development ជា សមាជិក នៃ Prince Holding Group អ្នកឧកញ៉ា ចេន ហ្សុី បានអនុម័តផែនការមេរបស់ខ្លួនដើម្បីអភិវឌ្ឍទីក្រុងថ្មីមួយ នៅតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដែល ហៅថា « ទីក្រុងរាម » ក្នុងតម្លៃ ១៦ ពាន់ លានដុល្លារ ជាមួយនឹងក្តីរំពឹងប្រែក្លាយ ទីនោះឱ្យទៅជាទីក្រុង ឈានមុខ គេទី ៣ នៅប្រទេសកម្ពុជា និងជាកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា ។

សេចក្ដីប្រកាសព័ត៌មាន ពីក្រុមហ៊ុន ពេលកន្លងទៅបានឱ្យដឹងថា ទីក្រុងរាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សេវាកម្ម ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងប្រឹក្សាការគ្រប់គ្រងសេវាកម្ម មានការិយាល័យ កណ្ដាល នៅក្នុងប្រទេសសិង្ហបុរី ខណៈ ផែនការមេនេះ បញ្ជាក់ពីផែនការប្រើប្រាស់ ដីសម្រាប់គម្រោង ទំហំ ៨៣៤ ហិកតា ដែលតម្រូវឱ្យ មានការវិនិយោគសរុបតាមការប៉ាន់ស្មាន ១៦ ពាន់ លានដុល្លារ ។

តាម ផែនការ ចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលគឺ ខេត្តព្រះសីហនុ ជា «ប៉ូលអភិវឌ្ឍន៍ នៅតំបន់ឆ្នេរ »។ ពោលគឺជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមជ្ឈមណ្ឌលអន្តរជាតិ ជា ទីផ្សារអាស៊ាន និងទីផ្សារសកល ។

បច្ចុប្បន្ន ខេត្តព្រះសីហនុ ចែកចេញជា២ក្រុង ៣ស្រុក មានសង្កាត់ចំនួន៦ ឃុំចំនួន២៣ ស្មើ១១១ភូមិ។ ផ្ទៃក្រឡាសរុបប្រមាណ ២.៦៥៩ គីឡូម៉ែត្រក្រឡា។ កោះធំ-តូចចំនួន ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥,៨ គីឡូម៉ែត្រ។ នេះបើតាមទិន្នន័យ ផ្លូវការ របស់ ខេត្តព្រះសីហនុ៕