ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងរកឃើញសាច់បង្កកនាំចូលពីបរទេសដោយគ្មាច្បាប់ជិត ៤ សែនគីឡូក្រាម ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមការងារបានរកឃើញសាច់បង្កកគ្មានឯកសារច្បាប់ ក្នុងនោះមានគ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានឱ្យដឹងថា សាច់សត្វបង្កកខាងលើទាំងអស់នេះត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយក្រុមការងារ បានស្នើសុំព្រះរាជអាជ្ញាបិទឃ្លាំងបង្កកសាច់សត្វខាងលើនេះជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
ពាក់ព័ន្ធនិងសាច់បង្កកកាលថ្មីៗនេះ ឧកញ៉ា ម៉ុង ឬទ្ធី មានប្រសាសន៍ថា «ជាអកុសលវិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងជួបនឹងវិបត្តិធ្ងន់ធ្ងរនៅឆ្នំា២០២៣នេះ។កត្តាចំម្បងនៃវិបត្តិមិនមែនបណ្តាលមកពីផលប៉ះពាល់ពីជំងឺកូវីដ១៩ ឬសង្គ្រាមរវាង រុស្ស៊ី អ៊ុយក្រែន,សង្គ្រាមអ៊ីស្រាអែលនិងប៉ាលីស្ទិននោះទេ គឺបណ្តាលមកពីការនាំចូលសាច់បង្កកដែលមានគុណភាពទាបខុសប្រក្រតីជាច្រើនមកលក់នៅលើទីផ្សារតូច-ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ឧកញ៉ា សង្កត់ធ្ងន់ដូច្នេះថា«ការនាំចូលសាច់បង្កកដែលមានគុណភាពទាប គ្មានហេដ្ឋារចនាសម្ព័ន្ធទុកដាក់គ្រប់គ្រាន់ ហើយមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ យកមកដាក់លក់នៅលើទីផ្សារមានតម្លៃទាបហួសប្រមាណគឺកំពុងតែបំផ្លាញវិស័យចិញ្ចឹមសត្វនៅកម្ពុជា និងបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជាយើង ព្រោះប្រជាពលរដ្ឋយើងមិនបានដឹង ឃើញតែគេដាក់លក់មានតម្លៃថោកក៏ចេះតែនាំគ្នាទិញយកទៅបរិភោគនិងឃើញនៅតាមភោជនីយដ្ឋានមានលក់អាហារតម្លៃទាបក៏ចេះតែនាំគ្នាចូលហូបពិសេសនៅរៀងរាល់ពេលល្ងាច»។
គួរបញ្ជាក់ថា សាច់បង្កកខុសច្បាប់ បាន និងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលរបរិច្ឆឆេទបរិភោគ៕អត្ថបទ៖សារេត