រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថា ដើម្បីអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដោយធ្វើសមាហរណកម្មកម្មវិធីនានាដែលមានស្រាប់ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាល នឹងចំណាយ ១៦៥លានដុល្លារ ឧបត្ថម្ភសមាជិកគ្រួសារអ្នកជំងឺអេដស៍ និងជនចាស់ជរា(អាយុ ៦០ឆ្នាំឡើងទៅ)។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ជា សុមេធី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» កាលព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។
នាឱកាសនោះ លោករដ្ឋមន្រ្តី ជា សុមេធី បានឱ្យដឹងថា ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងផ្អែកតាមបទពិសោធន៍ នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមកន្លងមក រាជរដ្ឋាភិបាលបានរៀបចំធ្វើសមាហរណកម្ម កម្មវិធីជាតិ ជំនួយសង្គមដែលមានស្រាប់ និងបន្ថែមរបបគោលនយោបាយមួយចំនួនទៀត ឱ្យទៅជាកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ និងបានបង្កើតឱ្យមានកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបគ្រោះអាសន្ន។
លោកថា ហេតុនេះ ដើម្បីពង្រឹង កម្មវិធីជាតិជំនួយសង្គមឱ្យមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការ អភិវឌ្ឍប្រទេសជាតិ ប្រកបដោយភាពសុខដុម និរន្តភាព សមធម៌ និងបរិយាបន្ន ដោយបានដាក់ចេញនូវ គោលការណ៍ណែនាំ ស្ដីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២ដូចខាងក្រោម៖១. គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងទី២.គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា ក្របខណ្ឌនេះ រៀបចំឡើងដើម្បីកែទម្រង់ប្រព័ន្ធគាំពារសង្គម ដោយជំរុញការប្រមូលផ្តុំកម្មវិធី តាមរយៈ សមាហរណកម្មមុខងាររបស់កម្មវិធីមកក្រោមប្រតិបត្តិករទោល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ខណៈគោលការណ៍នេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដោយធ្វើសមាហរណកម្មកម្មវិធីនានាដែលមានស្រាប់។
ជាមួយគ្នានេះ លោកថា៖« គោលការណ៍នេះ ក៏បានគិតគូរឧបត្ថម្ភគោលដល់សមាជិកគ្រួសារ ដែលរស់នៅជាមួយអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងជនចាស់ជរា (អាយុ ៦០ឆ្នាំឡើងទៅ) ក្នុងគ្រួសារមានបណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ និងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល(ប្រាំមួយរយ ចិតសិបបួន ក្បៀសប្រាំប៊ីលានរៀល) ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤ »។
យ៉ាងណាមិញ បើតាមលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានសង្កត់ធ្ងន់ដែរថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងជួយកសាងមូលដ្ឋានគ្រឹះ ដើម្បីធ្វើឱ្យមានភាព ងាយស្រួលសម្រាប់ការបញ្ជូនបន្ត និងតភ្ជាប់ការ ឧបត្ថម្ភសាច់ប្រាក់ទៅកាន់សេវា និងកម្មវិធីនានា រួមមាន៖ កម្មវិធីគាំពារសង្គមផ្សេងៗ កម្មវិធីទីផ្សារការងារសកម្ម និងសេវាសង្គមកិច្ច ដែលរាប់បញ្ចូលទាំងសេវា សម្រាប់ជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏អាចពង្រីក បន្ថែមដល់ការបញ្ជូនបន្ត និងតភ្ជាប់ទៅកាន់ក្រុមស្ត្រី ដើម្បីពង្រឹងសិទ្ធិអំណាចស្ត្រីផងដែរ៕ អត្ថបទ៖ រង្សី