នៅរសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយជាថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ពីឯកឧត្តម កុយ ស៊ីឌឿន និងលោកជំទាវ ហួត សុភាព (ក្រុមហ៊ុន ឌីភីប៊ីយូធី និងវិទ្យុឌីភី) ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កុយ ស៊ីឌឿន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបាននាំយកថវិកាមកឧបត្ថម្ភជាបន្តបន្ទាប់ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ជាពិសេសក្នុងស្ថានភាពគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

ឯកឧត្ដម កុយ ស៊ីឌឿន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យចូលរួមចំណែកការងារមនុស្សធម៌ និងចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់អ្នកដែលត្រូវការជំនួយជាចាំបាច់ ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ៕




