ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ត្រឹម១ខែវិច្ឆិកា ឆ្នាំ ២០២៣ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២១ ក្នុងតម្លៃជិត ៦១៩លានដុល្លារ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។
ជាការកត់សម្គាល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ ១, គម្រោងសាង សង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោង សាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង
២, ម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង ៣, គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នៃទុន វិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕ អត្ថបទ៖ រង្សី