លោក នៅ ស៊ីនិត ជាវិស្វករ និងជាអ្នកម៉ៅការសំណង់មួយរូប យល់ថាបើយើងបើកមុខរបរយូរហើយ ប៉ុន្តែយើងគ្មានអ្នកស្មោះត្រង់នៅជាមួយយើងសូម្បីតែម្នាក់ដែលអាចជំនួសដៃជើងបានទេ នោះបានន័យថាអ្នកមិនមានសមត្ថភាពជាមេរបស់គេនោះទេ។
អ្នកជំនាញលើវិស័យសំណង់រូបនេះ បានលើកឡើងកាលពីថ្មីៗថា អាជីបជាអ្នកម៉ៅការសំណង់ យើងជាម្ចាស់អាជីវកម្ម ត្រូវតែមានជំនាញផ្នែកសំណង់ឱ្យច្បាស់លាស់ជាដាច់ខាត ដើម្បីស្រមតាមក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានភាពស្មោះត្រង់ ទំនួលខុសត្រូវ និយាយម៉ាត់ណាម៉ាត់នឹង ទើបអាចឱ្យអាជីវកម្មរបស់យើងដើរទៅមុខបានរលូន។ លោកបន្តថា រយៈពេលជិត១០ឆ្នាំនៃមុខរបររបស់លោក លោកទទួលបានមេទ័ព និងទ័ពជួរមុខច្រើនណាស់ ដែលពួកគេមិនដែលរុញរាឡើយនូវការងារដែលលោកបានដាក់ឱ្យពួកគេធ្វើ ទោះបីជានៅកណ្តាលព្រៃ គ្មានមនុស្សម្នាររស់នៅក៏ដោយ។
លោក នៅ ស៊ីនិត បានបញ្ជាក់ដូច្នេះថា៖ “នេះជាមេរៀនមួយ ដែលខ្ញុំចង់ចែករំលែកទៅកាន់សហគ្រិនថា បើយើងបើកមុខរបរយូរហើយ ប៉ុន្តែយើងគ្មានអ្នកស្មោះត្រង់នៅជាមួយយើងសូម្បីតែម្នាក់ដែលអាចជំនួសដៃជើងបានទេ នោះបានន័យថាអ្នកមិនមានសមត្ថភាពជាមេរបស់គេទេ ហើយអ្នកនឹងប្រើលុយធ្វើការឱ្យអ្នករហូត។ អ្នកមិនអាចប្រើបេះដូងឱ្យមនុស្សធ្វើការអោយអ្នកបានឡើយ។ អាជីវកម្មបែបនេះ គឺងាយនឹងក្ស័យធនណាស់ បើអ្នកមានបញ្ហា នោះអាជីវកម្មរបស់អ្នកនឹងដួលរលំតែម្តង”។
លោក នៅ ស៊ីនិត មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង កើតក្នុងគ្រួសារ មានជីវភាពមិនសូវជាធូរធារនោះទេ។ លោកធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនទម្រាំក្លាយជាវិស្វករ និងជាអ្នកម៉ៅការសំណង់ ដោយធ្លាប់ធ្វើជាអ្នករត់តុ រត់ម៉ូតូឌុប ដើម្បីយកថវិកា ទៅផ្គត់ផ្គង់ថ្លៃសាលា នៅមហាវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។ ក្រោយចប់ការសិក្សាពីមហាវិទ្យាល័យ ទើបលោកមានឱកាសចូលបម្រើការងារជាវិស្វករនៅក្រុមហ៊ុនបុរីមួយចំនួន រហូតប្រែក្លាយខ្លួនទៅជាអ្នកម៉ៅការសំណង់បន្ថែមទៀត៕