វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក បាននិងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះបានសម្រេចតាមផែនការ១០០%ហើយ។

នៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូថា វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បានកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះបានសម្រេចតាមផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលារៀនពីបឋមដល់វិទ្យាល័យ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។

ជាមួយគ្នានេះ ក៏បាននិងកំពុងបន្តអនុវត្តតាមផែនការនូវការងារចម្បងៗមួយចំនួនទៀត រួមមានជាអាទិ៍ការសាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្នើ ៧៥, ៧៣% ។
សម្តេចធិបតី បន្តថា សមិទ្ធិផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអាណត្តិមុន និងត្រូវបានពូនជ្រុំបន្តទៀតដោយរាជរដ្ឋាភិបាលអាណត្តិ ដែលនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍ថ្មីនេះ ក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និងជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ដែលប្រជាពលរដ្ឋអាចទទួលបានសិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក កាលពីថ្ងៃទី០៨ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យសហការបានល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គមចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ឱ្យក្លាយជា «បុរីជនបទ» គំរូសម្រាប់ការរៀបចំភូមិឋាន ដែលផ្តោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកម្ពស់ជីវភាពឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់ផងដែរ។

គួរបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ៕

