នាយករដ្ឋមន្ត្រីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយឲ្យក្រុមហ៊ុន Vingroup បើករថយន្តតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់សម្តីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា យកមកបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដោយលើកឡើងថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។

ការចេញមកបញ្ជាក់ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រោយមានការចុះផ្សាយយ៉ាងផុសផលអំពីព័ត៌មានថា ក្រុមហ៊ុនវៀតណាម Vingroup នឹងមកវិនិយោគលើវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណឹងនៃការឈានជើងចូលមកវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនេះធ្វើឲ្យមានការយល់ច្រឡំពីមហាជនធ្វើការប្រតិកម្ម និងរិះគន់នៅលើបណ្តាញសង្គមនានាមកកាន់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ថា មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ លោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគោលបំណងក្នុងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Vingroup ហេីយក៏សូមស្វាគមន៍ចំពោះការវិនិយោគផ្សេងទៀត និងសូមយកចិត្តទុកដាក់លេីការពង្រីកសេវាផ្សេងៗ​បន្ថែម​ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាមផងដែរ ៕