នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាច្រើនរូបបានអញ្ជើញជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម តបតាមការអញ្ជើញពីនាយករដ្ឋមន្រ្តីវៀតណាម។
ប៉ុន្មានម៉ោងបន្ទាប់ពីបក្សីស្លាបដែកចាកចេញពីរាជធានីភ្នំពេញ សម្តេចធិបតីនិងគណៈរាជរដ្ឋាភិបាលបានដល់រដ្ឋធានីហាណូយ ប្រកបដោយសុវត្ថិភាព ដោយភាគីវៀតណាមបានរៀបចំកម្រាលព្រំក្រហមឆ្នូតពណ៌មាសស្វាគមន៍វត្តមានសម្តេចធិបតីនាយករដ្ឋមន្រ្តីចុះពីលើយន្តហោះពិសេសនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ នារដ្ឋធានីហាណូយ។
ដំណើរអញ្ជើញដល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មានការអញ្ជើញទទួលដោយប្រធានការិយាល័យរដ្ឋាភិបាល លោក Tran Van Son, លោក Do Hung Viet អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang ព្រមទាំំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។
ជាមួយគ្នានេះ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
បើតាមក្រសួងការបរទេសកម្ពុជា សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ង្វៀន ហ៊្វួយចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងលោក រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ បន្ថែមទៀតនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏នឹងអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
បន្ថែមលើពីនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុងហាណូយ។
ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕