ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចាប់ផ្តើមហើយ ដោយដល់រដ្ឋធានីហាយណូយភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការ។
ចប់ពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចធីបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំចង្អៀត ព្រមទាំងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម។ ជាមួយគ្នានេះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន០៣រវាងកម្ពុជា-វៀតណាម។
ពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រម ព្រៀងចំនួន០៣ រួមមាន៖ ១- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។ ២- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម។ និងទី៣- អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕