សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ។

ក្នុងជំនួបនោះ វឿង ឌិញហ្វេ បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាឱកាសនេះ គឺពិតជាបានចូលរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខ ហើយនឹងឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ និងបានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង និងជាលក្ខណៈប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការទូតប្រមាណ ៥៦ ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាឈរលេីនិរន្តភាព និងសង្គតិភាព ហេីយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងនៅបន្តពូនជ្រំចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញតិ្ត និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ ៕



