សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសវៀតណាម ឱ្យពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ។
ការលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលសម្តេចធិបតីអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។
ក្នុងឱកាសនោះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន Sovico Group និងក្រុមហ៊ុន Virtjet និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ២០២៣ ឆាប់ៗខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។
លើសពីនោះ សម្តេចធិបតី ក៏បញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការសម្របសម្រួលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាមតាម Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
សូមបញ្ចាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សមួយរបស់វៀតណាម ដែលក្រុមហ៊ុននេះនឹងបើកដំណើរការហោះហើរត្រង់ពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕