សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា (MCCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ដើម្បីធ្វើការជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ី។

ពិធីចុះ MOU ធ្វើឡើងក្រោមវត្តមានឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងឧកញ៉ា រីគី យ៉ាវ ចាន់ ឆយ (Dato’s Sri Dr Ricky Yaw Chan Choy) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា (MCCC) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ក៏បានស្នើសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា ជួយនាំអ្នកវិនិយោគដែលមានជំនាញខាងវិស័យចំណីអារហារ ដែលប្រើប្រាស់វត្ថុធាតុដើមមានស្រាប់នៅក្នុងស្រុកដូចជា៖ ស្វាយចន្ទី ស្រូវ ពោត ដំឡូង ម្រេច ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារបរទេសផងដែរ។ ក្នុងន័យនេះ កម្ពុជាមានគោលបំណងកាត់បន្ថយការនាំចេញវត្ថុធាតុដើម និងកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេស។

ក្រោយការចុះ MOU នេះដែរ សម្រាប់ភាគីសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា ប្តេជ្ញាធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជា និងសម្របសម្រួលការនាំចេញ, នាំចូល, ផលិតផល, ជំនាញបច្ចេកទេស, អ្នកវិនិយោគ, វិស័យអប់រំទៅលើសហគ្រិនភាព និងការចូលរួមថែរក្សាបរិស្ថាន ប្រកបដោយចីរភាព។
បើតាមការគ្រោងទុកបន្ទាប់សម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នារួច ឧកញ៉ា តែ តាំងប៉ នឹងដឹកនាំគណៈប្រតិភូប្រមាណ ៥០នាក់ ដើម្បីចូលរួមកម្មវីធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម (Business Matching) រវាងដៃគូពាណិជ្ជកម្ពុជា ជាមួយនិងដៃគូពាណិជ្ជម៉ាឡេស៊ី ដែលនឹងធ្វើឡើងថ្ងៃទី ២៥-២៨ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ នៅប្រទេសម៉ាឡេស៊ីផងដែរ៕



