លោក ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងក្លាយជាយុវជនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា បានបញ្ចប់ការហ្វឹកហាត់នៅសាលារាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស (The Royal Military Academy Sandhurst) បន្ទាប់ពីបានហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺនអស់រយៈពេល៤៤អាទិត្យ ដែលនឹងបិទវគ្គសិក្សានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងការទទួលគោរមងារជា«នាយទាហានជាន់ខ្ពស់ (នាយចំណង់)»។
តាមការចុះផ្សាយរបស់គេហទំព័រ Fresh News បានឲ្យដឹងថា លោក ណាល់ ស្ទីវិនដាប្ញទ្ធិ គឺជាកូនបង្កើតរបស់លោក ម៉ៅ ហាវាណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការបញ្ចប់ការហ្វឹកហាត់ នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស គឺដោយសារមានការក្រោមការជ្រោមជ្រែងដ៏ពេញទំហឹងពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អតីតជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងតាមរយៈឧត្តមភាពដ៏ថ្លៃថ្លារបស់លោក ម៉ៅ ហាវាណ្ណាល់។
សារព័ត៌មាន Fresh News បានដកស្រង់សម្តីលោក ណាល់ ស្ទីវិនដាប្ញទ្ធិ យ៉ាងដូច្នេះថា៖ «ក្នុងអំឡុងពេល៤៤អាទិត្យនេះ ជាវេលាដ៏លំបាកបំផុតដែលគ្រប់កម្មាភិបាលទាំងអស់ បានឆ្លងកាត់ពួកយើង ត្រូវបានលត់ដំទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងតម្រង់ នៅចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៃថ្ងៃខាងមុខ»។
ក្នុងឱកាសបិទវគ្គសិក្សាយុវជន ណាល់ ស្ទីវិនដាប្ញទ្ធិ បានបង្ហាញពីក្តីរីករាយ និងកិត្តិយសណាស់ដែលទង់ជាតិរបស់កម្ពុជាត្រូវបានដោតបង្ហាញដល់មហាជន នៅក្នុងរាជបណ្ឌិត្យសភាយោធា Sandhurst ជាលើកដំបូង ដែលកន្លងទៅជាង២០០ឆ្នាំមិនធ្លាប់មាន។ យុវជន ដាប្ញទ្ធិ បានសន្យាថា នឹងបម្រើជាតិកម្ពុជា ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា សាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ (The Royal Military Academy Sandhurst) គឺជាសាលាសភាយោធាមួយដ៏តឹងរឹង និងល្បីល្បាញនៃចក្រភពអង់គ្លេស ដែលបានទទួលស្គាល់ដោយមជ្ឈមណ្ឌលឈានមុខ ក្នុងការបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងនាយទាហានទូទាំងសកលលោក។
សាលារាជបណ្ឌិតសភាយោធានេះ បានធ្វើការបណ្តុះបណ្តាយនាយទាហានជាន់ខ្ពស់ជាច្រើនក្នុងពិភពលោក ដូចជា៖ លោក Sir Winston Churchill អតីតនាយករដ្ឋមន្រី្តចក្រភពអង់គ្លេស, ព្រះរាជបុត្រ Prince William ។ បើក្រឡែកមកមើលក្នុងតំបន់អាស៊ានឯណេះវិញក៏មានថ្នាក់ដឹកនាំជាច្រើនរូបបានបញ្ចប់ការសិក្សារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ផងដែរ រួមមាន៖ ស្តេចព្រុយណេ ស៊ុលតង់ Hassanal Bolkiah of Brunei និងព្រះរាជបុត្រ ព្រះអង្គម្ចាស់ Abdul Mateen និង ព្រះអង្គម្ចាស់ Vajiravudh នៃប្រទេសថៃ ព្រមទាំងខ្សែររាជវង្សម៉ាឡេស៊ី។ ចំណែកឯនិស្សិតនាយទាហាន ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងត្រូវបញ្ចប់កម្មសិក្សានាពេលខាងមុខនេះ ដែលជាកូនខ្មែរប្រសូត្រចេញពីកូនចៅឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៕