ព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣» ចាប់ផ្តើមដំណើរការឲ្យចូលទស្សនាហើយរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានរួមចំណែកជួយផ្សព្វផ្សាយ ពីសភាពការណ៍ពិតជាក់ស្ដែង នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាជាពិសេស បានរួមចំណែកអនុវត្តគោលនយោបាយវិត្ថារកម្ម របស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអណត្តិសំដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌។
លោកបន្ថែមថា តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសបានជួបពិភាក្សាគ្នា ដោយផ្ទាល់លើកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការធ្វើធុរកិច្ច និងវិនិយោគ ទៅវិញទៅមកក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកផងដែរ។

លោក កឹម ស៊ីថុន បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ មិនគ្រាន់តែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ តែវាគឺជាការអបអរសាទរ នៃស្មារតីសហគ្រិនភាព ភាពធន់នៃអាជីវកម្ម និងជាសក្ខីភាព នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការបង្កើតឱកាសលើការរកដៃគូវិនិយោគសម្រាប់កំណើន និងវិបុលភាពសង្គម។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលឆ្នាំនេះ មានលក្ខណៈពិសេសជាងបណ្តាឆ្នាំកន្លងទៅ ដោយមានការចូលរួមគាំទ្រពីប្រទេសចំនួន១៧ និងមានប្រតិភូមកពីបរទេសចូលរួមច្រើនជាងឆ្នាំមុន ដោយមានការរៀបចំស្តង់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើនដូចជា៖ ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) រួមមានម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី ព្រមទាំងមានរៀបចំស្តង់តាំងបង្ហាញផលិតផលស្វាយចន្ទីកម្ពុជា ផលិតផលសូត្រ ផលិតផលហាឡាលកម្ពុជា ផលិតផលម្រេច និងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារ និងភេសជ្ជៈ។

ជាមួយគ្នានេះក៏មានការតាំងបង្ហាញគ្រឿងសម្អាង និងតុបតែងកាយ រថយន្ត និងគ្រឿងបន្លាស់ សម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរសម្រាប់នាំចេញ គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ គ្រឿងអេឡិចត្រូនិក វត្ថុអនុស្សាវរីយ៍ ទំនិញប្រើប្រាស់ទូទៅមកពីបរទេស -ល-៕












