ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរំពឹងថា នឹងបានមន្ដ្រីដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលចេញពីការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងចំនួន៣,៣៨១នាក់។
ក្នុងពេលផ្តល់បទសម្ភាសជូនក្រុមអ្នកសារព័ត៌មានក្រោយបើកដំណើរការកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មរំពឹងថា នឹងបានមន្ដ្រីដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះគោលដៅធំបំផុតនៃការរៀបចំការប្រឡងនេះ គឺដើម្បីទទួលបាននូវមន្ដ្រីដែលមានសមត្ថភាពយ៉ាងពិតប្រាកដ។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ រយៈពេលមួយថ្ងៃពេញ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងចំនួន៣,៣៨១នាក់ លើវិញ្ញាសាចំនួន ៣ ប្រភេទ៖ ១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម, ២៖ វិញ្ញាសាពហុចម្លើយ, ៣៖ វិញ្ញាសារសរសេរភាសាអង់គ្លេស។
លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានគូសបញ្ជាក់ថា ការរៀបចំដំណើរការប្រឡងនេះ ដែលបានប្រព្រឹត្តទៅដោយរលូន និងធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ យុត្តិធម៌ ហើយអាចទទួលយកបានពីគ្រប់ភាគីទាំងអស់ ទាំងដំណាក់កាលជ្រើសរើសប្រធានវិញ្ញាសា និងដំណាក់កាលប្រឡង។
លោក ហ៊ុន ម៉ានី បានអះអាងថា តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ពេលចាប់ផ្ដើមប្រឡង គឺបានប្រព្រឹត្តទៅដោយរលូន ខណៈប្រធានវិញ្ញាសាក៏ធានាបានទាំងស្រុងថា មិនបានបែកធ្លាយ ឬដឹងដល់បេក្ខជនប្រឡងនោះទេ ពោលប្រធានវិញ្ញាសាត្រូវបានជ្រើសរើសភ្លាមៗតែម្ដង នៅថ្ងៃប្រឡង។
លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំរបស់យើងគឺមានការហ្មត់ចត់ ផ្ដោតលើអ្វីដែលជាបទពិសោធន៍កន្លងមកយើងធ្វើការផ្សព្វផ្សាយជាសាធារណៈជាបន្ដបន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីការវិវឌ្ឍន៍ទៅលើការរៀបចំរបស់យើង […] ដើម្បីធានាកុំឲ្យមានការបែកធ្លាយវិញ្ញាសា គឺយើងធ្វើនៅថ្ងៃនេះតែម្ដង ជ្រើសរើសដោយមានការចូលរួមពីភាគីផ្សេងៗខុសៗគ្នា យើងព្រីនភ្លាមៗ និងដំណើរការប្រឡងតែម្ដង»។
សម្រាប់នីតិវិធី នៃដំណាក់កាលធ្វើអត្រាកំណែវិញ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូនេះតែម្តងដោយផ្ដើមពីការកាត់ក្បាលសន្លឹកកិច្ចការ និងចុះលេខសម្ងាត់ទើបរៀបចំការធ្វើកំណែ។ លោកសង្កត់ធ្ងន់ថា ដើម្បីធានាតម្លាភាពនៅដំណាក់កាលកំណែនេះ អ្នកដែលផ្ដល់ប្រធានវិញ្ញាសា និងអ្នកធ្វើកំណែមិនមែនជាមនុស្សតែមួយនោះទេ ពោលអ្នកដាក់ប្រធានវិញ្ញាសាផ្សេង ហើយអ្នកកែផ្សេង។
បើតាមប្រធានគណៈកម្មការរៀបចំការប្រឡងរូបនេះបានអះអាងបន្ថែមថា ចាប់ពីថ្ងៃប្រឡង រហូតដល់ថ្ងៃចេញលទ្ធផល អាចនឹងប្រើប្រាស់រយៈពេលមួយសប្ដាហ៍ ពោលអាចនឹងបញ្ចប់នៅអំឡុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ហើយដើម្បីធានាដល់ការប្រព្រឹត្តទៅតាមរយៈពេលដែលបានកំណត់នោះ គឺអាស្រ័យលើល្បឿននេះការធ្វើកំណែ ប៉ុន្ដែទោះជាយ៉ាងណា មិនឲ្យលើសពីមួយសប្ដាហ៍នោះទេ។
សូមជម្រាបជូនថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ជាលើកតំបូងនេះ ធ្វើឡើងស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានឲ្យដឹងកាលពីកន្លងមកថា រដ្ឋាភិបាលបានតៀមកញ្ចប់ថវិការួចរាល់សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងការដាក់មន្ត្រីកសិកម្មនៅតាមស្រុក និងឃុំ នៅទូទាំងប្រទេស។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា១០០លានដុលា្លរ ដើម្បីពង្រឹងវិស័យកសិកម្ម និងការដាក់មន្រ្តីកសិកម្មតាមស្រុក ឃុំនីមួយៗ ដើម្បីជួយទៅដល់ប្រជាកសិករតាមតំបន់មូលដ្ឋាន។ ស្របពេលមានការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ រដ្ឋាភិបាលក៏នឹង ដាក់ចេញនូវ យន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយកសិផល រកទីផ្សារ និង ផ្តល់អន្តរាគមន៍ឲ្យទាន់ពេលវេលា ក្នុងការធានានូវតម្លៃកសិផលក្នុងកម្រិតណាមួយដែលអាចធ្វើទៅបាន៕