បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងាជាមួយលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន។

ក្រោយជំនួបពិភាក្សាការងារនាពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) ចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៧ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ពិធីចុះ MoU លើឯកសារសំខាន់ៗមួយចំនួនន៧ រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក, ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន, ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក, ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា, ៥-អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code , ៦-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) និងទី ៧-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស៕



