តំណាងសមាគមដែលមានផលិតឬជាទំនិញសម្គាល់ភូមិសាស្ត្រ(Geographical Indication Products «GI») បានអះអាងថាមកដល់បច្ចុប្បន្ននេះបន្តរក្សាបានទំនុកចិត្តនិងសន្ទុះនៃគាំទ្រខ្ពស់ពីប្រជាពលរដ្ឋក្នុងស្រុក ។ ជាក់ស្តែងក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី រួមនិងផលិតផល«GI»ជាច្រើនផ្សេងទៀត ក្រោយក្លាយជាមុខទំនិញសម្គាល់ភូមិសាស្ត្រ នៅពេលយកផលិតផលដាក់តំាងបង្ហាញតែងតែទទួលបានការគំាំទ្រជាប្រចំា។
អ្នកស្រី ជាន ណារី ប្រធានសមាគមក្រូចថ្លុងកោះទ្រង់បានលើកឡើងនៅក្នុងពិព័រណ៍ផលិតផលខ្មែនិងទំនិញនាំចេញ នាំចូលលើកទី១៦ នៅសាលសន្និបាទនិងពិព័រណ៍កោះពេជ្រថ្មីៗនេះថា ក្នុងពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលលើកទី១៦ អ្នកស្រីយកផ្លែក្រូចថ្លុងយកមកដាក់តំាងឬលក់ត្រឹមតែ២០០ផ្លែ ប៉ុណ្ណោះ។ តែគ្រាន់កម្មវិធីចាប់ផ្តើមប្រកាសជាផ្លូវការនៅថ្ងៃដំបូង ក្រូចថ្លុងទំាងនោះត្រូវបានអ្នកចូលរួមឃើញទិញយកអស់ ហើយសម្រាប់ថ្ងៃបន្ទាប់អ្នកស្រី គ្រោងនាំចូលបន្ថែមពី៧០ទៅ១០០ទៀត ខណៈផ្លែក្រូចថ្លុងមួយផ្លែថ្លៃ១៤០០០រៀល។
អ្នកស្រី ជាន ណារី ឱ្យដឹងថា ក្រូចថ្លុងកោះទ្រង់ដល់ពេលប្រមូលចាប់ផ្តើមប្រមូលផលតំាងពីខែកញ្ញាដល់ ខែវិច្ឆិកា ហើយចូលមកដល់ខែធ្នូនេះការប្រមូលផលជិតដល់រដូវបញ្ចប់ការប្រមូលហើយ ជាហេតុធ្វើការផ្គត់ផ្គង់មិនអាចអាចឆ្លើយតបតម្រូវការទីផ្សារបាន។
អ្នកស្រីបញ្ជាក់ថា «បច្ចុប្បន្នសមាគមមានសមាជិក១៥២នាក់មានផ្ទៃដីដំាជាង៦០០ហិកតា ហើយតម្រូវការក្រូចថ្លុងនៅលើទីផ្សារក្នុងស្រុកនៅពេលបច្ចុប្បន្ន គឺមានការគំាំទ្រច្រើន ។ជាក់ស្តែងកាលពីខែកញ្ញា កន្លងទៅនេះការដឹកជញ្ជូនក្រូចថ្លុងកោះទ្រង់ ចេញពីតំបន់ដំាដុះ មិនតិចជាង៣ពាន់ផ្លែនោះទេ»។
លោក ហុង ហឿន ក្រុមប្រឹក្សាភិបាលសមាគមស្ករត្នោតកំពង់ស្ពឺបានអះអាងថា ផលិតផលស្ករត្នោតកំពង់ស្ពឺនៅពេលកន្លងមកក៏ដូចជាសព្វថ្ងៃនេះទទួលបានការគំាំទ្រច្រើន ពិសេសស្ករត្នោតកំពង់ស្ពឺ ប្រភេទស្ករម្ស៉ៅ។
លោកបន្តថា ក្នុងឆ្នាំ២០២៣សមាគមផលិតស្ករម៉ៅសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់នាំចេញបានប្រមាណ៨០តោន និងស្ករសាច់បានជាង១០០តោន ដូចនេះនៅជុំវិញតំបន់ផលិតស្ករត្នោតកំពង់ស្ពឺនៅក្នុងមួយឆ្នំាអាចផលិតបានស្ករជិត២០០តោន ហើយនៅឆ្នាំ២០២៤ ការប្រមូលផលចាប់ផ្តើមនៅដើមខែធ្នូឆ្នាំ២០២៣ រហូតទៅដល់ខែមិថុនាឆ្នាំ២០២៤។
ចំណែក លោក ស្រើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី បានអះអាងថា ផលិតផលទឹកឃ្មុំមណ្ឌលគិរី ប្រជាពលរដ្ឋមានការចាប់អារម្មណ៍និងមានការជឿទុកចិត្តច្រើននៅពេលដែលទឹកឃ្មុំមណ្ឌលគិរី បានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ខណៈពេលកន្លងមកប្រជាពលរដ្ឋទូទៅមិនសូវជាចូលចិត្តនិងផ្តល់តម្លៃលើផលិតផលទឹកឃ្មុំមណ្ឌលគិរីនោះទេ។ ជារួមនៅប៉ុន្មានឆ្នំាចុងក្រោយនេះប្រជាពលរដ្ឋក្នុងស្រុកមានការគំាំទ្រផលិតផលក្នុងស្រុកមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនិងពេលមុនៗ៕ អត្ថបទ៖ សារេត