ថ្លែងប្រាប់ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ទីស្នាក់ការកណ្តាលទីក្រុងរ៉ូម កាលពីថ្ងៃទី១៨ ខែធ្នូម្សិលមិញ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាចង្រៃលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS)។

ទន្ទឹមនឹងនេះ លោក ឌិត ទីណា ក៏បានគូសបញ្ជាក់អំពីគោលនយោបាយកសិកម្មក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបរៀបចំការប្រលងជ្រើសរើសជំហានដំបូងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃបន្ថែមខ្ពស់ និងចំណេញច្រើន។
លោករដ្ឋមន្ត្រីថ្លែងថា៖ «ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្មអាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ លើមុខដំណាំសំខាន់ៗដូចជាអង្ករ ស្វាយចន្ទី និងបន្លែ ព្រមទាំងផលិតផលមានសក្តានុពលដទៃទៀត»។

គួររំលឹកថា កន្លងទៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានឲ្យដឹងដែរថា ក្នុងឆ្នាំ ២០២៣ នេះ ក្រសួងសង្ឃឹមថា ទំហំឥណទានការប្រាក់ទាបនឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់ នៅក្នុងវិស័យកសិកម្ម។
លោកថ្លែងថា៖ «ឥណទានការប្រាក់ទាបនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការលើកទឹកចិត្ត និងតម្រង់ទិសតួអង្គ ទាំងឡាយដល់ការអនុវត្តការច្រងក្រងជាបណ្ដាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានផ្តល់ឥណទានប្រមាណ ៣៨០ លានដុល្លារអាមេរិករួចហើយដល់កសិករ និងអ្នកកែច្នៃផលិតផលកសិកម្មដល់ជាង ៦០ ភាគរយ នៃឥណទាននេះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងរង្វង់ត្រឹម ៥ ទៅ ៥,៥ ភាគរយប៉ុណ្ណោះ»។

សូមជម្រាបជូនថា ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ធនាគារ ARDB បានពង្រីកបណ្តាញប្រតិបត្តិការជាការិយាល័យចល័តចំនួន ១៥ នៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ឱ្យទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានភាពរីកចម្រើន៕