សមិទ្ធផលដែលជាអត្តសញ្ញាណព្រះពុទ្ធសាសនា និងប្រពៃណីជាតិខ្មែរមួយនឹងលេចរូបរាងឡើងនៅឆាប់ៗខាងមុខនេះ ដោយនាថ្មីៗកន្លងទៅ សប្បុរសជនដែលមានងារអ្នកឧកញ៉ា ឧកញ៉ា និងឥស្សរជន សប្បុរសជនជាច្រើនរូបរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានាប្រមាណ ១៦មុខ សម្រាប់តម្កល់ទុកក្នុងវត្តចន្ទប្បជោត្តនារាម ហៅតាសុត។

វត្តអារាម តាសុត ត្រូវបានមហាជនស្គាល់គ្រប់គ្នាថា ជាវត្តដែលគ្រប់គ្រងដោយព្រះធម្មវនវាសី ចន្ទ មុនី ដែលកំពុងឆក់យកប្រជាប្រិយភាព និងការគោរពស្រឡាញ់ជ្រះថ្លាពីប្រជាពលរដ្ឋខ្មែរអ្នកកាន់ពុទ្ធសាសនា ក្នុងការទេសនាទូទ្មានតាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាជាដើម។
វត្តតាសុតកាលដើមឡើយគ្រាន់តែជាអាស្រមតូចមួយប៉ុណ្ណោះ ក្រោយកេរ្តិ៍ឈ្មោះ ព្រមទាំងភាពល្បីល្បាញរបស់ព្រះអង្គចន្ទ មុនី បានញាំងឲ្យប្រជាពលរដ្ដដែលមានសទ្ធាជ្រះថ្លាបានរៀបចំធ្វើពិធីក្រុងពាលីសាងសង់សមិទ្ធផលនានាប្រមាណ ១៦មុខ ដែលរំពឹងថានឹងកើតឡើងនៅក្នុងតំបន់ប្រវត្តិសាស្រ្តសម័យបារាំង គឺភូមិតិរច្ឆាន ក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ខាងក្រោមនេះជាមុខបញ្ជីឈ្មោះសប្បុរសជន អ្នកឧកញ៉ា ឧកញ៉ា ចូលរួមផ្តួចផ្តើម និងឧបត្ថម្ភការសាងសង់សមិទ្ធផលនានាទាំង១៦មុខក្នុងវត្តតាសុត ដែលគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ទទួលបាន រួមមាន៖
- ១.ទ្វារទឹកសម្រាប់ទប់ទឹកប្រើប្រាស់ ក្រោមការផ្តួចផ្តើមគម្រោងដោយឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធី គ្រុប

- ២.ខ្លោងទ្វារធំ ក្រោមការផ្តួចផ្តើមដោយលោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងទេសចរណ៍

- ៣.ឧបដ្ឋានសាលា (សាលាចាន់) មួយខ្នង់ ឧបត្ថម្ភដោយលោកស្រី អាយស៊ី សុគន្ធារី

- ៤. សួនច្បារបៃតង់ធម្មជាតិ និងមជ្ឈមណ្ឌលវិបស្សនា ក្រោមការឧបត្ថម្ភដោយលោកស្រីអ្នកឧកញ៉ា យី រដ្ឋា និងឧត្តមសេនីយ៍ឯក ប៊ុន រ៉ា

- ៥.ព្រះវិហារ ឧបត្ថម្ភដោយលោកស្រីអ្នកឧកញ៉ា យី រដ្ឋា និងលោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

- ៦.មហាកុដិថ្មមួយខ្នង ឧបត្ថម្ភដោយអ្នកឧកញ៉ា កែវ ចំរើន និងលោកជំទាវអ្នកឧកញ៉ា យី រដ្ឋា និងឧត្តមសេនីយ៍ឯក ប៊ុន រ៉ា

- ៧.របងថ្មកំពស់៧ម៉ែត្រ ប្រវែង ៨០០ម៉ែត្រ ឧបត្ថម្ភដោយលោកស្រីអ្នកឧកញ៉ា ភាព ហៀក ម្ចាស់ក្រុមហ៊ុន ជីបម៉ុង គ្រុប

- ៨.ខ្លោងទ្វារប្រចាំទិសចំនួន ៤ ឧបត្ថម្ភដោយលោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន និងលោក យិន សារ៉ាន់

- ៩.សាលាវិបស្សនាមួយខ្នង់ ឧបត្ថម្ភដោយអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រីអ្នកឧកញ៉ា លីហៀក រតនា

- ១០.ផ្លូវបេតុងអ៊ុតកៅមួយខ្សែប្រវែង ៥០០ម៉ែត្រ ឧបត្ថម្ភដោយលោក ប៊ុត ចន្ថា និងលោកស្រី
- ១១. រូបព្រះបដិមាអរិយមេត្រីអភយមុនីមួយព្រះអង្គ ព្រះផ្នូរកែវចម្លងមួយព្រះអង្គ ក្រោមការផ្តួចផ្តើមដោយលោក ប៉ែន សុផល និងលោកស្រី, ឧកញ៉ា ចាន់ សុឃាំង និងលោកស្រី អុីត អេឡែន ព្រមទាំងក្រុមគ្រួសារ

- ១២. អណ្តូងទឹកស្អាត ក្រោមការផ្តួចផ្តើមដោយឧកញ៉ា ហួត ឈឿន និងលោកស្រី ណៃ ស៊ុន

- ១៣. ស្ពាននាគមួយខ្សែប្រវែង ៨x១២ម៉ែត្រ និងបន្ទប់ស្អាតស្តង់ដារនៅលើកោះ ឧបត្ថម្ភដោយឧបាសិកា មាស ខេង និងឧបាសិកា មួន រួច ព្រមទាំងក្រុមញាតិ
- ១៤. បន្ទប់ទឹកស្អាតស្តង់ដារនៅក្នុងវត្ត ឧបត្ថម្ភដោយឧបាសក ឡាវ ស៊ីអ៊ុយ និងឧបាសិកា ស៊ីម ប៉ោហៀក ព្រមទាំងក្រុមញាតិ
- ១៥. រូបព្រះគោសាងពីស្ពាន់ក្រហមទម្ងន់១តោន ឧបត្ថម្ភដោយឧបាសិកា សុខ សាម៉ុត និងក្រុមញាតិ
- ១៦. ឃ្លាំងបន្ទុកសម្ភារៈមួយខ្នង់ ក្រោមការផ្តួចផ្តើមដោយវត្តតាសុចផ្ទាល់តែម្តង


