ត្រឹម២សប្តាហ៍ រដ្ឋអនុម័តគម្រោងវិនិយោគ១៥ ក្រោមទុនជាង ២៤៧លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល២សប្តាហ៍ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័ត គម្រោងវិនិយោគចំនួន ១៥ ក្រោមទុនប្រមាណជាង ២៤៧លានដុល្លារ។នេះបើតាមរបាយការណ៍របស់ CDC នៅថ្ងៃទី២០ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើ បានឱ្យដឹងថា គិតត្រឹមរយៈពេល២សប្តាហ៍ ខែធ្នូ ឆ្នាំ២០២៣នេះ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ១៦,០០០កន្លែង។

បើតាម CDC គម្រោងវិនិយោគដែលទទួលបានការអនុម័តនោះរួមមាន គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីនៅខេត្តពោធិ៍សាត់, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក, រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង, រោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម, រោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន, រោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។

សូមជម្រាបជូនថា  ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២២ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, គម្រោងចំនួន៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ៕