សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់គ្រោងបើកឲ្យនិស្សិតចូលរៀនឆាប់ៗ ខាងមុខនេះហើយ នេះបើតាម ការបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យនេះ។ វគ្គសិក្សាដំបូងនេះ គ្រោងធ្វើឡើងនៅ ចុងខែធ្នូ ឆ្នាំ២០២៣នេះ ខណះដែលនិស្សិត ត្រូវបានគណៈកម្មាធិការ សាកលវិទ្យាល័យបានធ្វើការជ្រើសរើស រួចរាល់អស់ហើយ។
ប្រភពខាងលើបានបង្ហើបបន្តឲ្យដឹងទៀតថា សាកលវិទ្យាល័យ ខាងលើ មិនមែនមានលុយបង់ចូលរៀនបានទេ លក្ខខណ្ឌវិន័យតឹងរឹង និងផ្ដល់ឱកាសឲ្យនិស្សិតក្រីក្រជាអទិភាពពេលគឺការសិក្សាជានិស្សិតអាហារូបករណ៍១០០% តែម្ដង។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យដែលផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ដំបូងគេបង្អស់នៅប្រទេសកម្ពុជាស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។ សាកលវិទ្យាល័យ ឌីជីថល កម្ពុជា ជាភាសាអង់គ្លេស Digital University of Cambodia ហៅកាត់ថា(DUC) សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើប ក្នុងការរស់នៅជាមួយទីផ្សារបើកជំហជើងមេឃនៃសង្គមឌីជីថល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថល កម្ពុជា សាងសង់លើផ្ទៃដីជាង ២០ហិចតា ជាប់នឹងរាជធានីភ្នំពេញ ពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ មានស្តង់ដារខ្ពស់ ដែលចាប់ផ្តើមបើកបវេសនកាលដំបូងឆាប់ៗខាងមុខនេះហើយ។
សម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀនបរិញ្ញាប័ត្ររងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានផងដែរ ហើយផ្ដល់ អាទិភាពលើ សិស្សក្រីក្រ ។ ពេលបញ្ចប់ការសិក្សា និស្សិតទាំងនោះនឹងមានការងារធ្វើ ទទួលបានប្រាក់ខែខ្ពស់៕