ក្រុមហ៊ុន Hainan Wang Pin Fruit Industry Development Co.; LTD ដែលដាំដុះឈើហូបផ្លែ និងមានផ្សារលក់ផ្លែឈើប្រមាណ ១០ ០០០ កន្លែងនៅក្នុងប្រទេសចិន មានចំណាប់អារម្មណ៍លើការវិនិយោគលើការដាំដុះឈើហូបផ្លែនៅកម្ពុជាសម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុក និងការនាំចេញ។នេះបើយោងតាមលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោក ហ៊ាន វណ្ណហន បានឱ្យដឹងថា នៅក្នុងឱកាសចូលរួមពិធីតាំងពិព័ណកសិផលកម្ពុជានៅខេត្តហៃណាន់ ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នំា២០២៣ ក្រោមការជួយសម្របសម្រួលពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លោកបានរៀបចំចុះទៅពិនិត្យស្វែងយល់កសិដ្ឋានដាំវេចខ្ចប់មេឡុង។ក្រុមហ៊ុនមានយុទ្ឋវិធី៣យ៉ាង ក្នុងការផ្គត់ផ្គង់ផ្លែឈើទៅកាន់ទីផ្សារ គឺក្រុមហ៊ុនផលិតផ្លែឈើដោយខ្លួនឯងចំនួន ៣០% ធ្វើកិច្ចសន្យាទិញពីកសិករចំនួន៣០% និងទិញផ្ទាល់ពីកសិករនៅពេលប្រមូលផល៤០%។

បើយោងតាមលោករដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនផលិតផ្លែឈើសំខាន់ៗរួមមាន ផ្លែមេទ្បិន ស្វាយ និងខ្មុរ បានធ្វើកិច្ចសន្យាជាមួយកសិករក្នុងការប្រមូលទិញផ្លែឈើតាមរយៈការផ្តល់ពូជដំណាំ ការផ្តល់ប្រាក់កម្ចីជូនកសិករសម្រាប់ធ្វើផ្ទះសំណាញ់ ការផ្តល់អ្នកបច្ចេកទេសកសិកម្មដើម្បីជួយដល់កសិករ ដើម្បីឱ្យទទួលបានតាមតម្រូវការស្តង់ដាផ្លែឈើរបស់ក្រុមហ៊ុន និងប្រមូលទិញកសិកផលពីកសិករទាំងអស់តាមកិច្ចសន្យា។

ផ្លែមេឡុង ពូជជប៉ុន ដែលដាំនៅហៃណាន អាចលក់បានក្នុងតម្លៃលើសពី១០០ដុល្លា ក្នុង១ផ្លែ។តាមការអះអាងរបស់ក្រុមហ៊ុនបានឱ្យដឹងថា ក្នុងផ្ទៃដី១ហិកតា ដែលដាំមេឡុងពូជជប៉ុន អាចលក់បាន ប្រមាណជា២០ម៉ឺនដុល្លារ ក្នុង១រដូវ៕តាកែវ
