ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កំពង់ផែទឹកជ្រៅព្រះសីហនុ ជំហានទី១ តម្លៃ២៤៣លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ខាងមុខ។

សម្តេចធិបតីបន្តថា ក្រោយសាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុរួចនឹងមាននាវាដែលផ្ទុកទំនិញបានប្រមាណ ៦០០០០ តោនចូលចតបាន និងមានសមត្ថភាពទទួលនាវាក្នុងតំបន់ប្រមាណ ៩៣ ភាគរយឱ្យចូលចត។
បើតាមសម្តេចធិបតី រយៈពេល ១១ ខែ ឆ្នាំ ២០២៣នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជិត ៨០ ម៉ឺន TEUs ដោយមានកំណើនជាមធ្យម ១០,៨៣ ភាគរយក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។

លើសពីនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កំពង់ផែកម្ពុជា គឺជាចំណុចកណ្ដាលនៃកំពង់ផែដ៏រវល់របស់ថៃ និងវៀតណាម ហេតុនេះត្រូវពង្រីកសក្ដានុពលឱ្យបានកាន់តែច្រើន ដើម្បីទទួលការលើកដាក់ទំនិញឱ្យបានកាន់តែប្រសើរថែមទៀត។
គួរបញ្ជាក់ផងដែរថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែងប្រមាណ ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ផែកុងតឺន័រនេះ អាចឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។
ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ២៤៣លានដុល្លារ រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ហើយនោះ រាជរដ្ឋាភិបាលក៏គ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី៣បន្ថែមទៀត។សម្រាប់ជំហានទី២ អាចឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs និងជំហានទី៣ អាចឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើនឹង ១៥ពាន់TEUs។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣នេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៦៩៨លានដុល្លារបន្ថែមទៀត ក្នុងនោះទឹកប្រាក់ជាង ៥០០លានដុល្លារជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន និងជាង ១០០លានដុល្លារទៀតជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕