ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៥តទៅ រដ្ឋាភិបាលនឹងទិញគ្រឿងសង្ហារិមដែលផលិតនៅក្នុងស្រុក យកទៅបំពាក់ឱ្យស្ថាប័នរដ្ឋ ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

សម្តេចធិបតី មានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំៗ រដ្ឋចាយលុយទិញគ្រឿងផ្សំសង្ហារិមសម្រាប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិច្រើន បើគិតក្នុងមួយអាណត្តិៗគឺចាយច្រើនមិនតិចនោះទេ។ដូច្នេះ សម្តេចធិបតីបានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំក្រុមការងារសិក្សា និងត្រៀមក្នុងការចេញគោលការណ៍ ដើម្បីចាប់ពី២០២៥តទៅ នឹងអាចវិភាជន៍ថវិកាមួយចំនួនក្នុងការចំណាយលើគ្រឿងសម្ភារៈសង្ហារិម ផ្តោតអទិភាពទិញផលិផលនៅក្នុងស្រុក។
បើតាមសម្តេចធិបតី អាចក្នុងឆមាសទី១ខាងមុខ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញប្រកាស ហើយអនុវត្តន៍នៅឆ្នាំ២០២៥ ដើម្បីឱ្យខាងវិស័យឯកជនត្រៀមលក្ខណៈ អាចកាត់បន្ថយការនាំចូលពីក្រៅ ហើយងាកមកនាំចូលផលិតផលក្នុងស្រុកវិញ។
ទន្ទឹមនឹងនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការចេញជាគោលការណ៍បែបនេះមិនមែនបិទការនាំចេញ-នាំចូលនោះទេ ប៉ុន្តែយើងនឹងដាក់ទិសដៅមួយចំនួន ដើម្បីជួយលើកកម្កើងនូវផលិតផលក្នុងស្រុក តាមរយៈការវិភាជន៍មួយចំនួន ក្នុងការទិញផលិតផលក្នុងស្រុកយកទៅបំពាក់ឱ្យស្ថាប័នរដ្ឋ ដែលជាផ្តល់អទិភាព និងលើកស្ទួយគាំទ្រផលិតផលខ្មែររបស់យើង៕