សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញគោលដៅចំបងពីរនៃលទ្ធផលចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

សង្គម​ និង​សេដ្ឋកិច្ច

មេដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃចន្ទ ទី២៥ខែធ្នូនេះ បានចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ ក្រោមការដឹកនាំដោយសហប្រធាន គឺលោក មីង អោងឡាំង ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋមីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន ដែលជាសហប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានចូលរួមពីដឹកនាំប្រទេសជាសមាជិករួមមាន៖ ថៃ ឡាវ  កម្ពុជា និងវៀតណាម។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្ហាញលទ្ធផលនៅលើបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួន ដោយសម្តេចធិបតីបានគូសបញ្ជាក់នូវគោលដៅចំបង​ និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍ​របស់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ គឺដើម្បី​៖ ១/​សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព​ និង២/​ តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥​ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត​ និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព​ការអភិវឌ្ឍ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលមានអនាគតរួមគ្នា ប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។ ទន្លេមេគង្គ ឬប្រទេសចិនហៅថា ទន្លេឡានឆាង មានប្រវែងសរុប ៤ ៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ  កម្ពុជា និងវៀតណាម ខណៈវាមានមាឌផ្ទុកទឹកប្រហែល ៧៩៥ ០០០គីឡូម៉ែត្រការ៉េ ដោយផ្គត់ផ្គង់ប្រជាជនបានប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕