គម្រោងផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ចាប់ផ្តើមជជែកពិភាក្សា

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ការបើកកិច្ចប្រជុំនេះក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំរបស់នាយករដ្ឋមន្រ្តី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងសាធារណការបានឲ្យដឹងថា ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬតំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង,លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង៕ តាកែវ