សម្តេចធិបតី ហ៊ុន ម៉ាណែត មិនជឿថា មានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់មិនយល់ពីអត្ថប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចមិនជឿថា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចល្ងង់មិនយល់ពីអត្ថប្រយោជន៍ដែលថាគម្រោងព្រែកជីកហ្វូណនតេជោគ្មានបានផលអ្វីដល់កម្ពុជា ដែលសម្តេចមិនជឿថាមានមន្ត្រីល្ងង់បែបនេះនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមប្រឆាំង ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។

សម្ដេចធិបតីបញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សូមជម្រាបជូនថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែត ឌី ខេម បូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា បានខ្ចីលុយចិន ៥ពាន់លានដុល្លារដើម្បីសាងសង់គម្រោងព្រែកជីក ហ្វូណនតេជោ នោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

សេចក្តីបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតបរទេសមួយនេះបានចុះផ្សាយលើគេហ ទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»៕ អត្ថបទ៖ អក្ខរា