រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ដែលមានតម្លៃប្រមាណ២២លានដុល្លារ នៅខេត្តពោធិ៍សាត់ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមាន លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា រោងចក្រនេះជារោងចក្រផលិតទឹកស្អាតទី៣ហើយ ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មីជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ ក្នុងខេត្តកំពង់ធំ។ខណៈយើងប្រារពខួបលើកទី៧០នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និងរស់រវើករវាងកម្ពុជា និងជប៉ុន ឆ្នាំ២០២៣ ក៏បង្ហាញនូវសមិទ្ធផលជាច្រើននៃទំនាក់ទំនងនេះផងដែរ។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រោងចក្រផលិតទឹកស្អាតនេះស្ថិតក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក្នុងទំហំទឹកប្រាក់ប្រមាណ ២២,២ លានដុល្លារ។គម្រោងនេះប្រើពេលសាងសង់ ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៣ ដោយរួមមានរោងចក្រផលិតទឹកស្អាត និងអគាររដ្ឋបាលមួយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តពោធិ៍សាត់ជារួម។
សូមជម្រាបបន្ថែមថា រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុននេះ មានសមត្ថភាពផលិតបាន ៦.៦០០ម៉ែត្រគូប/ថ្ងៃ និងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣.៨៦០ម៉ែត្រគូប/ថ្ងៃ។ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង ២៤៧ គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥.០០០ គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀងផងដែរ៕

