អាជីវកម្មដែលកាន់កាប់ដោយជនជាតិចិននៅកម្ពុជាមានជាង២ពាន់សហគ្រាស ខណៈជនជាតិវៀតណាមជាង១ពាន់សហគ្រាស

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ រោងចក្រ សហគ្រាសដែលមានម្ចាស់ជាជនជាតិចិននៅកម្ពុជាមានជាង២ពាន់សហគ្រាស ស្មើនឹង០,៣ភាគរយ ខណៈសហគ្រាសដែលមានម្ចាស់ជាជនជាតិវៀតណាមជាង១ពាន់សហគ្រាស ស្មើនឹង០,២ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានបង្ហាញថា លទ្ធផលចុងក្រោយនៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ អង្គភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានចំនួន ៧៥៣.៦៧០ អង្គភាពសេដ្ឋកិច្ច ដែលមានអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចមានចំនួន ២.៩៨០.៥៦៩នាក់ ក្នុងនោះ បុរសមាន ១.១៣៩.២០៧ នាក់ ស្មើនឹង ៣៨,២% និងស្ត្រីមាន ១.៨៤១.៣៦២នាក់ ស្មើនឹង ៦១.៨%។

របាយការណ៍ដដែលបានបញ្ចាក់ថា ចំនួនអង្គភាពសេដ្ឋកិច្ចភាគច្រើន គឺមានម្ចាស់ជាជនជាតិកម្ពុជាដែលមានប្រមាណ ៩៩,១% នៃអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់ដែលមាន ៧៤៧.០១០សហគ្រាស។ចំណែកឯអង្គភាពសេដ្ឋកិច្ចដែលមានម្ចាស់ជាជនជាតិចិនមាន ២.៦០៨ សហគ្រាស ស្មើនឹង០,៣%  ម្ចាស់ជាជនជាតិវៀតណាមមាន ១.៥៨១ សហគ្រាស ស្មើនឹង០,២%  ម្ចាស់ជាជនជាតិអាស៊ីផ្សេងៗទៀតមាន ១.១៩៨ សហគ្រាស ស្មើនឹង០.២% និងម្ចាស់ជាជនជាតិកូរ៉េខាងត្បូងមាន ៤៣៩ សហគ្រាស ស្មើនឹង០,៩ភាគរយ។ចំណែកអង្គភាពសេដ្ឋកិច្ចដែលម្ចាស់បរទេសមានភាគហ៊ុនជាមួយកម្ពុជា គឺមានតិចជាង ១% នៅឆ្នាំ២០២២។

គួរបញ្ចាក់ថា បើប្រៀបធៀបលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០១១ ឃើញថាចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ២០២២ បានកើនឡើងប្រមាណ ៤៩% ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ មាន ៣,៧%។ នៅកំលុងពេលដូចគ្នានេះដែរ មានអ្នកចូលរួមការងារបានកើនឡើងដល់ ៧០,៩% ដែលបណ្តាលឱ្យអត្រាកំណើនប្រចាំឆ្នាំមានប្រមាណ ៥% ដែលមានកម្រិតខ្ពស់ជាងអត្រាកំណើនប្រជាជនគួរឱ្យកត់សម្គាល់ មានប្រមាណ ១,៤% តែប៉ុណ្ណោះ៕