អាជីវករនៅផ្សារច្បារអំពៅ យល់ឃើញថាប្រជាពលរដ្ឋមានភាពឆ្លាតវៃក្នុងការជ្រើសរើសបន្លែសម្រាប់បរិភោគ ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ។ នេះបើតាមការផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍កាលពីពេលថ្មីៗនេះ។

លោកស្រី ឈឹម ស្រីរ័ត្ន អាជីវករលក់បន្លែជិត១០ឆ្នាំ លើកឡើងថាប្រជាពលរដ្ឋក្នុងស្រុកឥឡូវមានភាពឆ្លាតវៃក្នុងការជ្រើសរើសបន្លែធម្មជាតិយកទៅបរិភោគ ដោយពួកគេមិនមែនគិតទៅរូបរាងរបស់បន្លែ ស្អាត ស្រស់ គ្មានស្នាមសត្វស៊ីនោះទេ ផ្ទុយទៅវិញប្រជាពលរដ្ឋជ្រើសរើសបន្លែដែលធម្មជាតិ មិនមានប្រើប្រាស់សារធាតុគីមីលើសកម្រិត បើទោះបីជាបន្លែធម្មជាតិមានតម្លៃថ្លៃក៏ដោយ។

លោកស្រីបន្ថែមថា ក្រោយពីប្រជាពលរដ្ឋចេះជ្រើសរើសបន្លែ អាជីវករលក់បន្លែធម្មជាតិដូចជាលោកស្រីផ្ទាល់មានការសប្បាយចិត្តព្រោះលក់ដាច់សឹងតែមិនដែលសល់បន្លែនោះទេ ព្រោះពលរដ្ឋគាំទ្រ និងជឿជាក់លើបន្លែដែលលោកស្រីលក់។ បន្លែគ្រប់មុខ ដែលលោកស្រី ឈឹម ស្រីរ័ត្ន លក់ គឺទទួលទិញពីប្រជាពលរដ្ឋដាំតាមភូមិ។

ជាមួយគ្នា លោកស្រី ដាលីន អាជីវករលក់បន្លែគ្រប់មុខនៅផ្សារច្បារអំពៅមួយរូបដែរនោះ បានលើកឡើងថា បន្លែកន្លែងលោកស្រីគឺទទួលទិញពីឈ្មួញដែលដឹកយកមកលក់ដល់ផ្សារតែម្ដង។ ក្រោយឆ្លងកាត់មុខរបរលក់បន្លែជាង២០ឆ្នាំ លោកស្រីថា ពលរដ្ឋចេះជ្រើសរើសបន្លែ នឹងមានការសួរនាំមុននឹងទិញបន្លែទៅបរិភោគ ប្រសិនបើដឹងថា បន្លែនោះជាបន្លែដែលមានសារធាតុគីមី ពលរដ្ឋមិនទិញនោះទេ ទោះមានតម្លៃទាបក៏ដោយ។ បន្លែធម្មជាតិមានអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់អ្នកបរិភោគ ដូចជាផ្ដល់នូវសុខភាពល្អ និងមានរសជាតិឆ្ញាញ់ជាដើម។

បន្ថែមទៀតនោះ លោកស្រី គង់ សុផល្លា អាជីវករលក់បន្លែតាមម៉ូតូ បានប្រាប់ឧកញ៉ាញូស៍ថា បន្លែដែលលោកស្រីលក់ គឺទទួលទិញពីតាយាយដាំនៅក្នុងភូមិ ដោយមិនមានប្រើសារធាតុគីមីនោះទេ។ រាល់បន្លែដែលលោកស្រីទទួលទិញបានយកមកលក់ គឺពលរដ្ឋឃើញចូលសួរទិញតែម្ដង ដោយពលរដ្ឋសង្កេតទៅលើភាពស្រស់នៃបន្លែ និងប្រភពដាំដុះនៃបន្លែនេះ។
លើកឡើងដូចគ្នា អាជីវករលក់បន្លែនៅផ្សារច្បារអំពៅទាំងបីរូប ក៏សំណូមពរដល់ប្រជាពលរដ្ឋងាកមកគាំទ្របន្លែធម្មជាតិដែលដាំដុះនៅក្នុងស្រុក ទោះបីជាមានតម្លៃថ្លៃជាងបន្លែនាំចូលក៏ដោយ៕
អត្ថបទ៖ សុកធា


