បន្ទាប់ពីកសិករ ក្រុមហ៊ុន កសិដ្ឋាន រងការខាតបង់ប្រាក់ជាច្រើនឆ្នាំក្នុងវិស័យចិញ្ចឹមសត្វ សម្រាប់អ្នកជំនាញនៅក្នុងវិស័យមួយនេះ បានធ្វើការប៉ាន់ប្រមាណថា បើដាច់ឆ្នាំ២០២៣ហើយ តម្លៃសត្វមិនមានភាពប្រសើឡើងវិញនោះទេ នឹងមានការកាត់បន្ថយផលិតកម្មនៅឆ្នាំ២០២៤ដើម្បីធ្វើយ៉ាងណាជំរុញឱ្យថ្លៃដើមផលិតរបស់ប្រជាកសិករងើបឡើងវិញ។

មកដល់ចុងឆ្នាំ២០២៣ បើយោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា វត្ថុធាតុក្នុងស្រុករបស់កសិករមិនទាន់ស្រុតចុះតម្លៃនោះទេ ដោយសារអ្នកចិញ្ចឹមទោះបីជួបការខាតបង់ កសិករនៅតែតស៊ូមិនចង់បោះបង់នៅមុខរបររបស់ខ្លួន ដោយរំពឹងថាក្នុងឆ្នាំ២០២៣នឹងអាចឆ្លងផុតគ្រោះដ៏លំបាកនៃតម្លៃផលិតផលដែលមានដើមកំណើតពីសត្វ។
លោក លី ឡាវីល មានប្រសាសន៍ថា «ទោះបីជាយើងរងការខាតបង់ប្រាក់ក៏យើងនៅតែប្រឹងប្រែងទប់ ប្រសិនបើជាឆ្លងឆ្នាំ២០២៣នេះហើយតម្លៃសត្វក្នុងស្រុកនៅតែមិនប្រសើឡើងវិញនោះ បានន័យថាចូលដល់ឆ្នាំ២០២៤ប្រាកដជាត្រូវកាត់បន្ថយផលិតកម្ម ព្រោះអ្នកចិញ្ចឹមសត្វមិនអាចផលិតលក់ ក្រោមថ្លៃដើមយូរទេ ហើយខាតបង់ប្រាក់ជារៀងរាល់ឆ្នំាទេ ។ដូចនេះត្រូវតែនាំគ្នាកាត់បន្ថយការផលិតរបស់ខ្លួនឯង ហើយដល់ពេលនោះតម្រូវការទិញកសិផលឬវត្ថុធាតុផលិតចំណីសត្វនឹងថយចុះ បានន័យថាការទិញកសិផលនៅឆ្នាំ២០២៤នឹងថយចុះ» ។

លោកលើកឡើងថា បើតម្លៃសត្វរបស់ប្រជាកសិករ អាចលក់បានត្រឹមរួចខ្លួន ឬមិនខាតបង់ អ្នកចិញ្ចឹមនឹងបន្តផលិតកម្មរបស់ខ្លួន ។ប៉ុន្តែបើនៅតែជួបការខាតបង់ កសិករទំាងអស់មិនថាក្រុមហ៊ុនធំៗត្រូវការពិចារណាជម្រុះផលិតកម្មឬកាត់បន្ថយការផលិតរបស់ខ្លួនដើម្បីឱ្យថ្លៃដើមឡើងមកវិញ៕ តាកែវ
