លុយដែលបានពីការជួលអគារឲ្យកាស៊ីណូណាហ្គាវើល គ.ជ.ប យកមកបុកគ្រឹះសាងអគារទីស្តីការថ្មីតម្លៃ ២១លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាន់ដំបងកាត់គ្រឹះសីមាបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអគារទីស្តីការថ្មីតម្លៃប្រមាណ ២១លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារទីស្តីការថ្មីរបស់ គ.ជ.ប​ គឺមានកម្ពស់៩ជាន់ លើដីលំនៅឋានទំហំជាង ៥ពាន់ម៉ែត្រការ៉េ ស្ថិតនៅដីឡូតិ៍លេខ៧១ វិថីសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដីលំនៅដ្ឋាននេះត្រូវបានរាជរដ្ឋាភិបាលដកហូតពីលោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រគល់ជាកម្មសិទ្ធិឱ្យ គ.ជ.ប។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា តម្លៃសាងសង់អគារនេះ ស្ថិតក្នុងគម្រោងចំណាយប្រមាណ ២១លានដុល្លារអាមេរិកដែលថវិកាបានមកពីការជួលអគារទីស្តីការ គ.ជ.ប បច្ចុប្បន្នឱ្យទៅក្រុមហ៊ុន ណាហ្គាវើល បន្ទាប់ពីការចុះកិច្ចសន្យាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

បើលោក ហង្ស ពុទ្ធា គម្រោងសាងសង់អគារទីស្តីការថ្មីរបស់ គ.ជ.ប នឹងត្រូវរួចរាល់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៥។

បច្ចុប្បន្នទីស្នាក់ការគ.ជ.ប មានកម្ពស់១៥ជាន់នៅជាប់នឹងជញ្ជាំងកាស៊ីណូណាហ្កាវើល ស្ថិតនៅទល់មុខពុទ្ធសាសនបណ្ឌិត្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាការដោះដូរដីរដ្ឋ បានពីការជួលទៅឱ្យក្រុមហ៊ុនណាហ្កាវើលវិនិយោគនៅក្នុងរយៈពេល៩៩ឆ្នាំ។ អគារទីស្តីការនេះ ត្រូវបានចំណាយលើការសាងសង់ប្រមាណជាង១២លានដុល្លារ ដែលជាបន្ទុករបស់ក្រុមហ៊ុនណាហ្កាវើល ក្រោមកិច្ចព្រមព្រៀងសន្យាផ្តល់អគារជាប់ជាមួយអគារណាហ្កាវើល២ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕