ចេះនិយាយ ៤ភាសា លោកស្រី សឿង រដ្ឋចាវី តែងតាំងឲ្យកាន់តំណែងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន និងម៉ុងហ្គោលីថ្មី

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី សឿង រដ្ឋចាវី តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ុងហ្គោលី ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង។ នេះបើតាមព្រះរាជក្រឹត្យអង្គព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគល់តួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន និងប្រទេសម៉ុងហ្គោលីដល់លោកស្រី រដ្ឋចាវី គឺជំនួសលោកស្រី ខែក កៃមាលី ស៊ីសូដា ដែលកាន់តួនាទីនេះយូរជាងគេ ពោលប្រមាណជាង ១៧ឆ្នាំ ជាឯកអគ្គរាជទូតចាប់តាំងពីឆ្នាំ២០០៧មក ក្នុងចំណោម ១០រូបផ្សេងទៀត។

បច្ចុប្បន្នលោកស្រី សឿង រដ្ឋចាវី មានវ័យ ៦៥ឆ្នាំ កំពុងកាន់តំណែងជារដ្ឋលេខាធិក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០២០។ លោកស្រី រដ្ឋចាវី បានបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនយោបាយ ពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី និងធ្លាប់បម្រើការងារជាអនុប្រធានការិយាល័យច្បាប់នៃក្រសួងយុត្តិធម៌ ចន្លោះឆ្នាំ១៩៨០ ដល់១៩៩៨ មុននឹងមកទទួលភារកិច្ចជាប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសកម្ពុជា ពីឆ្នាំ១៩៩៩បដល់ឆ្នាំ២០០០។

នៅឆ្នាំ២០០៣ ដល់២០០៤ លោកស្រីត្រូវបានដំឡើងតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសកម្ពុជា និងកាន់តំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន ពីឆ្នាំ២០០៤ដល់២០០៦។

លើសពីនេះទៀត លោកស្រី រដ្ឋចាវី ក៏ត្រូវបានដំឡើងដំណែងជាអគ្គលេខាធិការរង នៃលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ៣ឆ្នាំ ពី២០០៦ ដល់២០០៩ មុននឹងត្រឡប់មកកាន់តួនាទីជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេស ជំនាន់លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តី និងទទួលបន្ទុកលើកិច្ចការប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន ពីឆ្នាំ២០០៩ ដល់២០១០។

ពីឆ្នាំ២០១០ ដល់២០១៧ លោកស្រី រដ្ឋចាវី ទទួលតំណែងជារដ្ឋលេខាធិការ ទទួលបន្ទុកលើកិច្ចការប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន នៅកម្ពុជា។ អំឡុងខែឧសភា ឆ្នាំ២០១៧ លោកស្រី បានទទួលបេសកកម្មថ្មីមួយទៀត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស នឹងចប់អាណត្តិការទូតក្នុងឆ្នាំ២០២០។

បន្ថែមទៀតនោះ លោកស្រីក៏ធ្លាប់ជាសាស្រ្តាចារ្យបង្រៀន នៅសកលវិទ្យាល័យភូមិន្ទរដ្ឋបាល ពីឆ្នាំ១៩៩៩ ដល់២០០១ និងបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា ចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ពីឆ្នាំ២០០២ ដល់២០០៦ ផងដែរ។ បើនិយាយដល់ភាសាក្រៅពីភាសាខ្មែរ លោកស្រី រដ្ឋចាវីអាចប្រើប្រាស់ភាសាអង់គ្លេស បារាំង អេស្ប៉ាញ និងរុស្ស៊ី ទៀតផង៕