លោក ហែម វណ្ណឌី លើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei អភិវឌ្ឍលើវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Huawei កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក ហែម វណ្ណឌី បានកោតសរសើរដល់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាការអភិវឌ្ឍធនធានមនុស្ស ការជំរុញការចាប់យកបច្ចេកវិទ្យាដោយសហគ្រាសធុនតូច និងមធ្យម និងការលើក កម្ពស់ជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាជាដើម។

ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei អភិវឌ្ឍវិស័យរថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ដោយស្នើឱ្យមានការសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើតស្តង់ដារកម្ពុជាសម្រាប់រថយន្តអគ្គិសនីផងដែរ។ក្នុងន័យនេះ លោកជំរុញឱ្យក្រុមហ៊ុនសហការជាមួយក្រសួងឧស្សាហកម្ម វបន ដើម្បីលើកម្ពស់ការអនុវត្តទិន្នន័យបើកចំហ ដោយបញ្ជាក់ថា ការចែករំលែកទិន្នន័យ (Big Data) គឺជាកត្តាសំខាន់សម្រាប់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចកម្ពុជា។

លើសពីនោះ លោកបានលើកទឹកចិត្តបន្ថែមដល់ក្រុមហ៊ុនឱ្យធ្វើការកៀរគរយុវជនកម្ពុជាឱ្យចាប់យកអាជីពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ដោយក្នុងនោះ Huawei អាចដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាក្នុងចំណោមសហគ្រាសទាំងនេះ។

ជាការឆ្លើយតប នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើររបស់ក្រុមហ៊ុន ជាមួយនឹងប្រាក់ចំណូលជាង១០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។លោកបានបញ្ចាក់ថា ក្រៅពីឧបករណ៍ឆ្លាតវៃ Huawei មានផលប័ត្រអាជីវកម្មជាច្រើន រួមទាំងដំណោះស្រាយសហគ្រាស សេវា Cloud ដំណោះស្រាយថាមពលបៃតង និងរថយន្តអគ្គិសនីជាដើម។

ទន្ទឹមនឹងនោះ លោកក៏បានស្នើបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងឧស្សាហកម្ម និងគ្រោងចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខ ដើម្បីបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗរបស់ Huawei បន្ថែមទៀតផងដែរ៕