ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ អធិការកិច្ចក្នុងបរិបទកំណែទម្រង់ ដែលប្រព្រឹត្តិទៅនៅក្រសួងអធិការកិច្ច។

នេះជាលើកទី១ សម្រាប់វេទិកាពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជាមួយក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានជាង ១០០នាក់ មកពីស្ថាប័នផ្សេងៗ ដើម្បីស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទម្រង់នៃវិស័យអធិការកិច្ចនៅកម្ពុជា។

លោក ហួត ហាក់ បានលើកឡើងថា តួនាទីរបស់មន្ត្រីអធិការកិច្ច គឺស្វែងរកទាំងចំណុចល្អដែលក្រសួងស្ថាប័ន និងមន្ត្រីសម្រេចបានតាមទិសដៅដែលបានកំណត់ និងស្វែងរកទាំងកំហុសឆ្គងនៃសកម្មភាពអនុវត្តរបស់ក្រសួងស្ថាប័ន និងមន្ត្រី ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ពីសារៈសំខាន់នៃវិស័យអធិការកិច្ច ដែលជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីផែនការសកម្មភាពចំនួន ៤សំខាន់ ក្នុងពេលដែលលោដឹកនាំក្រសួងអធិការកិច្ច គឺទី១.ការពង្រឹងសមត្ថភាពស្ថាប័ន ទី២. កសាងសមត្ថភាពមន្ត្រីឲ្យទៅជាមូលធនមនុស្ស ទី៣.ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិពាក់ព័ន្ធនឹងការអធិការកិច្ច ក្នុងនោះ បាននិងកំពុងកសាងសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច រួមទាំងសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យមួយចំនួនទៀត ដើម្បីបម្រើបេសសកម្មរបស់ក្រសួង និងទី៤. ការកសាង និងថែរក្សាបរិយាកាសសុខុដុមរមនីយកម្ម នៅក្នុងក្រសួង ក៏ដូចជាអង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ សម្រេចការកែសម្រួលឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា”ក្រសួងអធិការកិច្ច” ។ សម្រាប់វិស័យអធិការកិច្ច ក្រសួងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដោយបានចុះធ្វើអធិការកិច្ចលើគ្រប់វិស័យនិងដោះស្រាយបណ្តឹងក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលសំដៅ បង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ។
ទន្ទឹមនឹងនោះ ក្រសួងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ នឹងឈានទៅលុបបំបាត់អំពើពុករលួយ ដែលជាកត្តាបំផ្លិចបំផ្លាញការអនុវត្តគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ បើតាមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច, អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម៕








