ក្នុងឆ្នាំ២០២៣កន្លងមកនេះ កម្ពុជាសម្រេចបានការនាំចេញកសិផលសរបជាង៨លានតោន ក្នុងនោះស្រូវមានជាង២លានតោន និងអង្ករមានជាង៦៥ម៉ឺនតោន ហើយបើគិតជាទំហំទឹកប្រាក់មានជាង១៥០០លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មកសិកម្មកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថាក្នុងឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៨លានតោន ក្នុងនោះអង្ករមានជាង៦៥ម៉ឺនតោន, ស្រូវមានជាង២លាន ៧៣ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៥លានតោន ទៅកាន់ទិសដៅ៧៨ប្រទេស ដោយមានការថយចុះ១,៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
របាយការណ៍បញ្ជាក់ថា «សម្រាប់ឆ្នាំ២០២៣ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញសម្រាប់តម្លៃបានមកពីការនាំចេញអង្ករមានជាង ៥៦៧លានដុល្លារអាមេរិក, តម្លៃបានមកពីការនាំចេញស្រូវមានជាង ៩៣៩លានដុល្លារអាមេរិក»។
ពាក់ព័ន្ធនិងវិស័យស្រូវអង្ករកម្ពុជានៅឆ្នាំ២០២៤នេះ ត្រូវបានអ្នកជំនាញមើលឃើញថាតម្លៃស្រូវនិងបន្តរក្សាបានខ្ពស់ដូចឆ្នំា២០២៣ដែរ។
ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថាជាង១៥ឆ្នាំកន្លងមកនេះមិនដែលធ្លាប់ឃើញតម្លៃស្រូវឡើងខ្ពស់ដូចសព្វថ្ងៃនេះទេ ហើយកត្តាដែលនាំឱ្យស្រូវឡើងថ្លៃ៖(ទី១)- ដោយសារការបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីខ្វះខាតស្បៀង ដែលតម្រូវឱ្យ ប្រទេសទំាងនោះត្រូវការស្បៀងស្តុកបម្រុងដើម្បីទប់ទល់ទៅនិងការបម្រែបម្រួលអាកាសធាតុដែលបណ្តាលមកពីការកើនឡើងនៅកំដៅ។ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនបានទិញអង្ករច្រើនជាងគេនៅក្នុងតំបន់ ដើម្បីស្តុកទុកនៅក្នុងឃ្លំាង សម្រាប់រក្សាស្ថិរភាពស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ (ទី២)-នៅប្រទេសឥណ្ឌា បានបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករសរបស់ខ្លួនទៅទីផ្សារខាងក្រៅ ក៏ដោយសារតែទទួលរងឥទ្ធិពលពីការបម្រែបម្រួល អាសធាតុនេះ ខ្លាចធ្វើឱ្យទិន្នផលស្រូវក្នុងស្រុករបស់ខ្លួនប្រទេសថយចុះ។
ឧកញ៉ា សុង សារ៉ន លើកឡើងថា « តម្លៃស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកកើនឡើងជាង៣៥% បើប្រៀបធៀបនិងឆ្នំាមុនៗ អាចឱ្យកសិករទទួលយកបាន។បន្ថែមលើសពីនេះឆ្នាំ២០២៤កសិករអាចរក្សាការដាំដុះស្រូវតាមបែបពូជស្រូវពីមុនៗបាន ក៏នៅតែអាចលក់បានតម្លៃខ្ពស់នៅលើទីផ្សារបាន ប៉ុន្តែនៅឆ្នាំ២០២៥ត្រូវតែមានការប្រុងប្រយ័ត្ន»៕ តាកែវ