ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាសកើនដល់ជាង៤ ម៉ឺន រោងចក្រ និងមានកម្មករនិយោជិតប្រមាណ១,៧លាននាក់។

នៅក្នុងពីធីនោះ លោក ហេង សួរ បានបញ្ជាក់ថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពស្ថិតិរោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលគ្រប់លក្ខណៈសម្បត្តិដើម្បីចុះបញ្ជិកាដែលធ្វើឱ្យចំនួនរោងចក្រ សហគ្រាសបានកើនពីចំនួន១ ៧០០ដល់ចំនួនជាង៤ម៉ឺនរោងចក្រ សហគ្រាស រីឯកម្មករនិយោជិតសរុបបានកើនពីចំនួន១លាន៥សែននាក់ ដល់១លាន ៧សែននាក់។
គួរបញ្ជាក់ថា រាជធានី/ខេត្តចំនួន៣ ដែលមានរោងចក្រ សហគ្រាសច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា រួមមាន រាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ បន្ទាប់មកគឺខេត្តកំពង់ស្ពឺ និងទី៣ខេត្តកណ្តាល។

ជាមួយគ្នានេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលក៏បានជំរុញការកសាងរោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។ មិនតែប៉ុណ្ណោះ បានបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ ផ្តល់អត្ថប្រយោជន៍នានា ជូនដល់កម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ផងដែរ៕