សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនេះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ជាមួយគ្នានេះ លោកក៏បានបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់លោកក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
សូមជម្រាបជូនថា ទីផ្សារសំខាន់របស់កម្ពុជាភាគច្រើននៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងនោះអឺរ៉ុបជាទីផ្សារសំខាន់របស់កម្ពុជា ដែលមានចំណែករហូតដល់ ២៥%នៃការនាំចេញសរុបរបស់កម្ពុជា។ ប៉ុន្តែរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និងកម្ពុជានេះ ជាប្រធានបទមួយ ដែលជជែកមិនចេះដាច់រវាងអ្នកនយោបាយនៅប្រទេសកម្ពុជា។ ជួនកាលអ្នកនយោបាយប្រឆាំង ចង់ឱ្យអឺរ៉ុបឈប់ផ្ដល់ការអនុវគ្រោះពន្ធគយសម្រាប់ទំនិញកម្ពុជាទៀតផង។
បច្ចុប្បន្នច្រកសំខាន់លើការនាំចេញទំនិញរបស់កម្ពុជា ទៅសហភាពអឺរ៉ុបមានពីរសំខាន់ ទី១ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ ៨០% (EBA) ដែលចាប់អនុវត្តន៍ឆ្នាំ២០២០ និងទី២ កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្ដល់ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកម្ពុជាបានក្លាយជាសមាជិកកាលពីឆ្នាំ២០០៤។ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា លេខរៀងទី៤ និងជាទីផ្សាររបស់កម្ពុជា លេខរៀងទី២៕