បន្ទាប់ពីនាវាទេសចរណ៍ Westerdam បង្កើតជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាតាមរយៈការចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីចុងឆ្នាំ២០២៣កន្លងមកនេះ បាននិងកំពុងធ្វើឱ្យអ្នកជំនាញមើលឃើញនិងរំពឹងថានៅឆ្នាំ២០២៤នេះកម្ពុជាទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសនៅលើពិភពលោកចូលមកទស្សនាកម្ពុជាមានការកើនឡើងកាន់តែច្រើនថែមទៀត។

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមើលឃើញថា សម្រាប់វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៤គឺយើងរំពឹងថានឹងទទួលបានអត្ថប្រយោជន៍តាមរយៈវត្តមាននាវាទេសចរ Westerdam ដែលបានចូលមកកម្ពុជាកន្លងទៅថ្មីៗនេះ ហើយមានសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនបានផ្សព្វផ្សាយពីនាវាWesterdam ។
បើតាមប្រធានសមាគមទេសចរណ៍កម្ពុជារំពឹងថា តាមរយៈការផ្សព្វផ្សាយទំាងនៅលើបណ្តាញទំនាក់ទំនិងសង្គម និងស្ថាប័នជាតិអន្តរជាតិពីវត្តមាននាវា Westerdam ក៏ដូចជាផ្សព្វផ្សាយពីប្រទេសកម្ពុជានៅពេលកន្លងមកនេះ និងធ្វើឱ្យប្រទេសកម្ពុជាទទួលបានការទាក់ទាញភ្ញៀវបន្ថែមទៀត ហើយភ្ញៀវទេសចរបរទេស និងជ្រើសរើសកម្ពុជា ជាគោលដៅទេសចរណ៍របស់ពួកគេ ដោយគិតថាកម្ពុជាជាប្រទេសដែលស្អាត ហើយមានការទទួលរាក់ទាក់ទៅដល់ភ្ញៀវទេសចរគ្រប់ជាតិសាស្ត្រ។

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ទេសចរណ៍ប្រចំាខេត្តសៀមរាប បានឱ្យដឹងថា«ផ្អែកទៅលើនាវា Westerdam ខ្ញុំមានសេក្តីរំពឹងថា ពួកគាត់នឹងនំាផ្សព្វផ្សាយពីកម្ពុជាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលផ្តល់នូវផលចំណេញសម្រាប់កម្ពុជា ហើយគាត់និងព្យាយាមមកលេងនៅកម្ពុជាបានកាន់តែច្រើនជាឆ្នាំ២០២៣។ដូចនេះ សកម្មភាពរបស់នាវា Westerdam និងជំរុញភ្ញៀវទេសចរបរទេសមកកម្ពុជាកាន់តែច្រើន»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញនាវាWesterdam ចូលមកកម្ពុជាកាលពីចុងឆ្នាំ២០២៣កន្លងមកនេះគឺ ជាការនាំសារមួយដ៏ល្អសម្រាប់ទេសចរណ៍កម្ពុជា បន្ទាប់ពីនាវា Westerdam ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលចូលចតនៅកម្ពុជា ស្របពេលពិភពលោកប្រឈមនិងជំងឺកូវីដ១៩។លើសពីនេះព្រឹត្តិការណ៍របស់នាវា Westerdam ចូលមកកាន់កម្ពុជាថ្មីៗនេះវាជាសញ្ញាមួយក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសផងដែរឱ្យចូលមកទស្សនាកម្ពុជា ស្របពេលដែលព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរបានដាក់ឱ្យដំណើរការ។

អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «សម្រាប់វិស័យទេសចរណ៍កម្ពុជា អាចទាក់ទាញភ្ញៀវទេសចរបានពីប្រទេសជាមិត្ត ពិសេសភ្ញៀវទេសចរជនជាតិចិន តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅទស្សនៈកិច្ចនទៅទីក្រុងប៉េកំាង ដោយថ្នាក់ដឹកនាំនៃប្រទេសទំាងពីរបានតម្លើងទំនាក់ទំនងពីមិត្តដែកថែប ទៅជាមិត្តត្បូងពេជ្រ។លើសពីនេះនៅមានកិច្ចព្រមព្រៀងមួយផ្សេងទៀត ទាក់ទងនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ដូច្នេះខ្ញុំជឿថានៅឆ្នាំ២០២៤នេះនិងចាប់ផ្តើមអនុវត្ត បន្ទាប់ពីក្រោយចូលឆ្នំាចិនខាងមុខនេះនឹងមានភ្ញៀវទេសចរជនជាតិចិន និងអ្នកវិនិយោគចូលមកកម្ពុជាច្រើន»៕ តាកែវ





