វិស័យចិញ្ចឹមសត្វក្នុងស្រុកចាប់ផ្តើមទទួលបានពន្លឺនៃការរស់រានឡើងវិញហើយ

សង្គម​ និង​សេដ្ឋកិច្ច


ក្រោយពីអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុករងផលប៉ះពាល់ និងខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នំាមកនេះ ឥឡូវចាប់ផ្តើមទទួលបានពន្លឺ នៃការរស់រានឡើងវិញហើយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាត់ឱ្យក្រុមមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រ៊ុន ពៅ

បើយោងតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរវាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាមួយនិងក្រុមហ៊ុននាំចូលសាច់បង្កក នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលថ្ងៃទី៩ ខែមករា ទទួលបានលទ្ធផលល្អប្រសើរ ពោលមានន័យថាវិស័យចិញ្ចឹមសត្វនៅកម្ពុជាចាប់ផ្តើមមានរស្មីវិញហើយ នៅពេលដែលតំណាងក្រុមហ៊ុនមានសិទ្ធនាំចូលសាច់បង្កកបង្ហាញចេតនាធ្វើការរួមគ្នាជាមួយខាងសមាគមថាផ្អាកការនាំចូលសាច់បង្កកមកពីខាងក្រៅ។

លោកស្រ៊ុន ពៅ មានប្រសាសន៍ថា «ក្រោយកិច្ចប្រជុំយើងទទួលបានលទ្ធផលល្អប្រសើរ មានន័យថាវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានរស្មីហើយ ដោយសារក្រុមហ៊ុនដែលនាំចូលសាច់បង្កក គាត់ថានឹងធ្វើការជាមួយខាងសមាគមអ្នកចិញ្ចឹមសត្វ ដោយផ្អាកការនាំចូលសាច់មកពីខាងក្រៅ ធ្វើយ៉ាងណាជួយរំដោះសាច់ដែលកកស្ទះនៅក្នុងស្រុកឱ្យអស់ ពោលជួយ កសិករអាចលក់សត្វរបស់ខ្លួន បានតម្លៃរួចខ្លួន មិនខាតបង់នៅដំណាក់កាលដំបូងៗនេះ»។

លោក ស្រ៊ុន ពៅ លើកឡើងថា វិស័យចិញ្ចឹមសត្វចាប់ផ្តើមមានពន្លឺឡើងវិញនៅក្នុងខែមករា ឆ្នាំ២០២៤នេះ ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធជួយជំរុញនិងផ្តោតការយកចិត្តទុកដល់មកលើវិស័យចិញ្ចឹសត្វក្នុងស្រុក ជាជាងការនាំចូល។

លោកបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ ផ្តោតលើពីចំណុច៖ ចំណុចទី១ ឱ្យក្រុមហ៊ុនផ្អាកការនាំចូលនៅបំណែកនៃសត្វជ្រូក សាច់មាន់និងសាច់គោ ហើយខាងសមាគមចង់ឱ្យក្រុមហ៊ុនងាកមកទទួលទិញសាច់នៅក្នុងស្រុក ហើយធ្វើការកែច្នៃបង្កកនិងលក់ទៅឱ្យអតិថិជនគោលដៅរបស់ខ្លួន។ ចំណុចទី២ ខាងសមាគមបានស្មើសុំទៅរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ ផ្អាកមិនឱ្យនាំចូលគ្រឿងក្នុងរបស់សត្វរយៈពេល៦ខែ ដែលនិងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ ហើយបើចង់នាំចូលត្រូវតែមានការអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។

ពាក់ព័ន្ធនឹងការការនាំសាច់បង្កកពីខាងក្រៅចូលមកកម្ពុជា បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាក្រុមហ៊ុនមានសិទ្ធនាំចូលធំៗប្រហែល១០ក្រុមហ៊ុន ខណៈកន្លែងសម្រាប់បង្កកសាច់នៅក្នុងស្រុកមានប្រហែល១០០កន្លែង។

លោកស្រ៊ុន ពៅ សង្កត់ធ្ងន់ថា«វិស័យចិញ្ចឹមសត្វចាប់ផ្តើមមានពន្លឺពីខែមករាទៅហើយ ហើយក្នុងដំណាក់កាលនេះដែរ ប្រសិនបើជាខាងក្រុមហ៊ុននាំចូលសាច់បង្កក គាត់ពិតចង់ជួយវិស័យចិញ្ចឹមសត្វប្រសើរឡើងវិញ ប្រើពេលត្រឹមតែ១ខែ អ្នកចិញ្ចឹមសត្វអាចលក់សត្វបានតម្លៃរួចខ្លួនឬស្មើថ្លៃដើមផលិត ធ្វើឱ្យកសិករលែងរអ៊ូរទំាដូចមុនទៀតហើយ»៕ តាកែវ