កម្ពុជារកចំណូលបានជាង២២ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល១ឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណជាង៤៦ពាន់លានដុល្លារ ក្នុងការនាំចេញ-នាំចូលទំនិញជាមួយទីផ្សារអន្តរជាតិ។ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ប្រមាណជាង២២ពាន់លានដុល្លារ កើនឡើង១,៨%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តជាតិបានប្រមាណ ២២,៦៤៤,៩៨៩,០០០ដុល្លារ កើនឡើងប្រមាណ១.៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ដោយឡែកសម្រាប់ការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញក្នុងប្រមាណជាង ២៤ពាន់លានដុល្លារ ធ្លាក់ចុះ ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

បើតាមរបាយការណ៍ដដែល ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ស្បែកជើង, គ្រឿងសង្ហារិម, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី,ធញ្ញជាតិ, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ថា ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន ទីផ្សារប្រទេសចិនឈរលេខរៀងទី១ មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥% អាមេរិកឈរលេខរៀងទី២មានទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយចុះ ១.៤%, វៀតណាមមានទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើនឡើងប្រមាណ៧.៣%, ជប៉ុនប្រមាណជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២% និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនផ្សេងទៀតផងដែរ៕